ធានាគារអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា ភាពមិនច្បាស់លាស់ ទាក់ទងទៅនឹងបញ្ហា Brexit បានធ្វើឲ្យមានកំណត់សម្គាល់កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែវិច្ឆិការៀងមក ហើយបាននិងកំពុងបន្ថែមទម្ងន់ទៅលើសេដ្ឋកិច្ចរបស់អង់គ្លេសទាំងមូល ។
ខណៈគ្មានការសម្រេចជាឯកច្ឆ័ន្ទរក្សាឲ្យនៅដដែល អត្រាការប្រាក់របស់ធនាគារត្រឹម០.៧៥ភាគរយតាមការរំពឹងគិតនោះ សមាជិក៩រូបនៃគណៈកម្មការនេះ បានកត់សម្គាល់ថា ភាពផ្ទុយមួយចំនួននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ គឺស្ថិតនៅត្រង់បញ្ហាជាប់គាំងលើគម្រោង Brexit ។
អង់គ្លេសមានគម្រោងចាកចេញពីអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា(ឆ្នាំក្រោយ) ប៉ុន្តែនាយករដ្ឋមន្ត្រី Theresa May មិនអាចទទួលបានសំឡេងយល់ព្រមពីអ្នកតំណាងរាស្ត្រលើគម្រោងចាកចេញរបស់លោកស្រីនោះឡើយ ហើយបានពន្យារពេលការបោះឆ្នោតមួយ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៩ ។
នៅពេលបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងរបស់លោកស្រី ស្តីពីពាណិជ្ជកម្មជាដៃគូជិតស្និទ្ធរវាងអង់គ្លេស នឹងអឺរ៉ុបនោះ ហាក់កំពុងឆ្លងកាត់ការយល់ព្រមពីសភាយ៉ាងលំបាក ។ កង្វល់បារម្ភខ្លាំងបំផុតនោះថា តើសេដ្ឋកិច្ចអង់គ្លេស នឹងទៅជាយ៉ាងណា បើចេញពីអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ឬការសម្បទានណាមួយ អំឡុងពេលនៃការរៀបចំពាណិជ្ជកម្មសារជាថ្មីនេះ ។
ព្រមជាមួយគ្នានេះ ការធ្លាក់ចុះភាគហ៊ុនរបស់អង់គ្លេស ដំណាក់កាលដែលធ្វើប្រតិបត្តិការដំបូងក្នុងប្រទេស និងការធ្លាក់ចុះនៃតម្លៃប្រាក់ ផោន នោះ បញ្ហានេះ អ្នកជំនាញ ប្រមើលមើលឃើញថា ការវិនិយោគពាណិជ្ជកម្មក្នុងប្រទេសនេះ ប្រហែលស្ថិតក្នុងកម្រិតមួយខ្សោយ និងជះឥទ្ធិពលអាក្រក់ដល់ផ្នែកទីផ្សារ ។ ក្រុមជំនាញលើកឡើងទៀតថា ថែមទម្ងន់ពីលើនេះទៀតនោះ ភាពមិនច្បាស់លាស់របស់ Brexit បូករួមបញ្ហាសេដ្ឋកិច្ចសាកលមានកំណើតយឺតយ៉ាង ក៏ធ្វើឲ្យប៉ះពាល់ផងដែរដល់ទស្សនវិស័យស្តីអំពីកំណើនសេដ្ឋកិច្ចរបស់អង់គ្លេស ។
ខាងធនាគារគេបានឲ្យដឹងថា សេដ្ឋកិច្ចអង់គ្លេសទំនងកើនត្រឹម០.២ភាគរយប៉ុណ្ណោះ នៅត្រីមាសទី៤ នៃឆ្នាំ ហើយបើគិតពីក្នុងអំឡុងពេល៣ខែកន្លងទៅ មានប្រមាណ០.១ភាគរយ ធ្លាក់ចុះ បើប្រៀបកាលពីខែមុន ។
សេដ្ឋកិច្ចអង់គ្លេសចាប់ផ្តើមធ្លាក់ចុះតាំងពីប្រទេសនេះបោះឆ្នោតសម្រេចចាកចេញពីអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ២០១៦ ។ ក្រុមអ្នកសេដ្ឋកិច្ចបានព្រមានពីសក្តានុពលឈានដល់វិបត្តិធ្ងន់ធ្ងរ ប្រសិនបើ កិច្ចព្រមព្រៀង Brexit មិនកើតឡើងតាមពេលដែលបានគ្រោងទុកទេនោះ ។
ខែមុននេះ ធនាគារអង់គ្លេសបានជួបបញ្ហាដែលមិនធ្លាប់មានក្នុងប្រវត្តិរបស់ខ្លួន គឺមានការធ្លាក់ចុះរហូតដល់៨ភាគរយត្រឹមតែពេលពីរទៅបីខែប៉ុណ្ណោះ និងធ្វើឲ្យមានអ្នកការងារធ្វើជាច្រើន ។
សម្រាប់អ្នកសេដ្ឋកិច្ចអង់គ្លេសភាគច្រើនយល់ថា ការជាប់គាំងរបស់សភាពេលនេះ គឺជាក្តីកង្វល់បំផុត ជាពិសេសអ្នកទាំងឡាយនោះ ដែលពឹងអាស្រ័យលើជំនួញនៅអឺរ៉ុប ។ ទាំងនេះហើយជាការពន្យល់ពីមូលហេតុនាំឲ្យការវិនិយោគរបស់អង់គ្លេសធ្លាក់ចុះនោះ៕