ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុករៀងៗខ្លួន ឧកញ៉ាពីររូបបានបញ្ចេញទស្សនៈរៀងៗខ្លួនជាមួយនឹងការវាយប្រហារគ្នាទៅវិញទៅមក ។ ទោះបីជា មានងារជាឧកញ៉ាបែបណាក៏ដោយ ប៉ុន្តែពាក្យពេចន៍នៅក្នុងបណ្តាញសង្គម ត្រូវបានអ្នកចូលអានមួយចំនួន បញ្ចេញយោបល់ថា ពួកគាត់មានការចេះដឹង មានកម្រិត ។
ឧកញ៉ាអ៊ុក ដារ៉ា បានសរសេរដោយភ្ជាប់ជាមួយរូបភាពវីដេអូ ដែលឧកញ៉ាបានបង្ហោះភ្ជាប់ជាមួយ ។ គាត់បានសរសេរថា «នេះស្ថានភាពពិតៗ ដែលក្រុមហ៊ុន ម៉ុង ឫទ្ធី បានយកខ្សាច់រួចទៅហើយ នៅជាប់មាត់សមុទ្រតែម្តង, មើល តើនេះជាការពិតយកខ្សាច់ចេញហើយប្រើពាក្យថា អភិវឌ្ឍន៍? បុណ្យសមុទ្រទើបនឹងចប់ដោយជោគជ័យ តែហេតុអ្វីបានជាសេដ្ឋីម៉ុង ឫទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស់ ចង់មានអីម្ល៉េះ លោកប្រើពាក្យជួយអ្នកក្រ, សារជាតិគាត់ដើរចោទថា គេគំរាមកំហែងប្រជាជនក្រក្រីតូចតាច, យកភស្តុតាងមកបញ្ជាក់មិនខ្លាចទេ ដល់កហើយ» ។
លោកស្រីឧកញ៉ា អ៊ុក ដារ៉ា បានបន្តថា «វីដេអូមាននៅនឹងដៃ ឯកសារមានជាក់ស្តែង លោកម៉ុង ឫទ្ធីចោទថា គេអែបអប, ភ្លើទេដឹង? មុខមហាជន អ្នកមុខ អ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ានប្រើពាក្យថា បើមិនលក់ ប្រយ័ត្នស្លាប់ គ្មានបានចាយលុយ មើលងាយគេម្ល៉េះ» ។
ឧកញ៉ាអ៊ុក ដារ៉ា បានបញ្ជាក់ថា លោកស្រីមានសំឡេង ដែលឧកញ៉ាម៉ុង ឫទ្ធីបាននិយាយ ។ លោកស្រីឧកញ៉ាបានសរសេរថា «មើលងាយគេម្ល៉េះ សំឡេងថតបានណាលោក, ទាហានដូចខ្ញុំ ការពារដីខ្លួនឯងមិនបានត្រឹម៤ហិកតា គិតយ៉ាងណា?…»។
ឧកញ៉ាម៉ុង ឫទី្ធ ឯណោះវិញបានតបនៅលើហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេរថា
«បិសាចនោមឆេះនេះកំពង់តែមកដើតួជំនួសបក្សប្រឆាំង និងមាតាធម្មជាតិហើយ សំណួរសួរថាតើផ្លូវចូលចម្ងាយ40គីឡូម៉ែត្រនិងលូស្ពានជាច្រើននេះតើអ្នកណាជាអ្នកចេញថវិកាសាងសង់ ។ រូបគាត់ក៏ដូចជាអ្នកផ្សេងទៀតដែលបានជួយចេញលុយខ្លះដែរ ឬអត់ទេ ទីតាំងដែលគាត់កំពុងតែមករករឿងនេះ នៅខាងលិចផ្លូវហ៊ុនសែនថ្មរៀង។ តើហេតុអ្វីបានជាខ្ញុំរៀបចំឈូសឆាយទីតាំងដីនេះបួនឆ្នាំកន្លងទៅហើយ ហេតុអ្វីទើបតែពេលនេះ អស់មានបក្សប្រឆាំង និងមាតាធម្មជាតិ បានគាត់មករករឿង គាត់កំពុងតែប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលហើយ តើហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ គឺដោយសារតែរាល់ការងារទាំងអស់ សុទ្ធតែមានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលទាំងអស់សរុបទាំងការនាំចេញខ្សាច់ ដែលបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវផងដែរ» ។
លោកឧកញ៉ាបានសរសរបន្តថា « ខ្ញុំសុំឲ្យប្រិយមិត្ត Facebook ទាំងអស់មេត្តាជួយពិចារណាផងចុះថា តើតាំងពីខ្ញុំបានចូលមកអភិវឌ្ឍន៍ តំបន់នេះ អស់រយៈពេល២៣ឆ្នាំ កន្លងផុតទៅហើយ ព្រមទាំងបានសាងសង់ផ្ទះផ្តល់ការងារជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោលប្រមាណជាជាងពីរម៉ឺននាក់ តើដែលមានមន្ត្រីរាជការ បុគ្គលិក កម្មករប្រជាជនណានាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ា ឬក៏បង្ហោះFacebook ដូច្នេះដែរឬអត់ទេ» ។
ជាចុងក្រោយ លោកឧកញ៉ាម៉ុង ឫទ្ធី បានសុំសំណូមពរដល់ក្រុមពិធីការសម្តេច សុំមេត្តាឈប់ឲ្យបិសាចនោមឆេះនេះ ចូលក្រុមជាមួយទៀតទៅ ខូចកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់របស់ក្រុមយើងអស់ហើយ ៕ ហេង សូរិយា