ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា សាទរ សមិទ្ឋផលប្រវត្តិសាស្រ្ត វិមាន ឈ្នះ-ឈ្នះ ត្រូវបានកសាងរួចរាល់ជាស្ថាពរ លើទឹកដីសុវណ្ណភូមិ

ចែករំលែក៖

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា អបអរសាទរ ចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ-ឈ្នះ ដែលតំណាងឲ្យ នៃការបង្រួបបង្រួមជាតិត្រូវបានកសាងរួចរាល់ជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ។

វិមានឈ្នះ ឈ្នះ ដែលមានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ ត្រូវបានសាងសង់លើ ផ្ទៃដីសរុបចំនួន ៨ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចារឹកទៅដោយសកម្មភាព តស៊ូរបស់ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសចរឹកទៅដោយ សកម្មភាពតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “កម្ពុជា អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល”។

សម្ដេចបន្ថែមថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនា ប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាព ដ៏យូរអង្វែងនេះតទៅ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី អំពាវនាវ ឲ្យពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ ចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់៕


ចែករំលែក៖