កម្លាំងទាហានជើងទឹកអូស្ត្រាលីបានបំផ្លាញចោល ថ្នាំញៀនកាកូអ៊ីន ទម្ងន់ជិត១តោន ស្មើតម្លៃប្រហែល៣០០លានដុល្លារ កាលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា។
អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់នៅតំបន់មជ្ឈិមបូព៌ា ។
ប្រតិបត្តិការចាប់ទូកនេសាទ ផ្ទុកថ្នាំញៀនកាកូអ៊ីនជិត១តោនខាងលើនេះ កម្លាំងទាហានជើងទឹកធ្វើឡើងនៅសមុទ្រអារ៉ាប់ គឺនៅថ្ងៃទី២១ ខែធ្នូ ចាប់បាន១គ្រឿង និងថ្ងៃទី២៣ ខែធ្នូ ចាប់បាន១គ្រឿង ។ ទូកនេសាទទី១រកឃើញថ្នាំញៀន១៦៥គីឡូក្រាម ហើយទូកទី២ មាន៧៦៦គីឡូក្រាម ។
គ្រឿងញៀនទាំងនេះត្រូវបានបំផ្លាញចោលដោយទម្លាក់ចុះក្នុងទឹកសមុទ្រ ។
មេបញ្ជាការកងទ័ពអូស្ត្រាលីប្រចាំមជ្ឈិមបូព៌ា បានថ្លែងថា នេះជាប្រតិបត្តិការមួយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការចរាចរណ៍គ្រឿងញៀននៅជុំវិញពិភពលោក ហើយលុយដែលបានមកពីគ្រឿងញៀនទាំងនេះត្រូវបានគេយកទៅផ្គត់ផ្គង់ដល់ពួកភេរវករជ្រុលនិយមនោះ ។
អូស្ត្រាលីបានចូលរួមប្រតិបត្តិការប្រឆាំងការរត់ពន្ធគ្រឿងញៀន និងអាវុធនេះកាលពីឆ្នាំ២០១៤ ។ តាំងពីពេលនោះមក ទាហានជើងទឹក ចាប់បានថ្នាំហេរ៉ូអ៊ីន៧តោន និងគ្រឿងញៀន៣៨តោន ស្មើតម្លៃជាង៥ពាន់លានដុល្លារ ៕