ព័ត៌មានទាន់ហេតុការណ៍៖

ទាហានជើងទឹកអូស្ត្រាលី​ ចាប់ទូកនេសាទ​ដឹកថ្នាំញៀន តម្លៃជាង​៣០០លានដុល្លារ ​បំផ្លាញចោល

ចែករំលែក៖

កម្លាំងទាហានជើងទឹក​អូស្ត្រាលី​បានបំផ្លាញ​ចោល ថ្នាំញៀនកាកូអ៊ីន ទម្ងន់ជិត១តោន ស្មើតម្លៃប្រហែល៣០០លានដុល្លារ​ ​កាលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពី​ប្រតិបត្តិការ​នៅតំបន់​មជ្ឈិមបូព៌ា។

អូស្ត្រា​លី​គឺជាសម្ព័ន្ធ​មិត្ត​ដឹកនាំដោយ​អាមេរិក​ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង​ការរត់ពន្ធគ្រឿងញៀន និងអាវុធ​ខុសច្បាប់នៅតំបន់មជ្ឈិមបូព៌ា ។

ប្រតិបត្តិការ​ចាប់ទូកនេសាទ ផ្ទុកថ្នាំញៀន​កាកូអ៊ីន​​ជិត​១តោន​ខាងលើនេះ កម្លាំងទាហានជើង​ទឹក​ធ្វើឡើង​នៅសមុទ្រ​អារ៉ាប់ គឺនៅថ្ងៃទី២១ ខែធ្នូ ចាប់បាន១គ្រឿង និង​ថ្ងៃទី២៣​ ខែធ្នូ ចាប់បាន១គ្រឿង ។ ទូកនេសាទ​ទី១​រកឃើញថ្នាំញៀន​១៦៥គីឡូក្រាម ហើយទូកទី២ មាន​៧៦៦គីឡូក្រាម ។

គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​បំផ្លាញចោល​ដោយទម្លាក់ចុះក្នុងទឹកសមុទ្រ ។

មេបញ្ជាការកងទ័ពអូស្ត្រាលីប្រចាំមជ្ឈិមបូព៌ា បានថ្លែងថា នេះ​ជា​ប្រតិបត្តិការ​​មួយ ធ្វើ​ឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់ការ​ចរាចរណ៍​គ្រឿងញៀននៅជុំវិញពិភពលោក ហើយលុយដែលបានមកពីគ្រឿងញៀន​ទាំងនេះ​ត្រូវបានគេយកទៅផ្គត់ផ្គង់ដល់ពួកភេរវករជ្រុលនិយមនោះ ។

អូស្ត្រាលី​បានចូលរួម​ប្រតិបត្តិការ​ប្រឆាំងការរត់ពន្ធគ្រឿងញៀន និងអាវុធ​នេះ​កាលពីឆ្នាំ២០១៤ ។ តាំងពីពេលនោះមក ទាហានជើងទឹក ចាប់បាន​ថ្នាំ​ហេរ៉ូអ៊ីន​៧តោន និងគ្រឿងញៀន​៣៨តោន ស្មើតម្លៃជាង​៥ពាន់លានដុល្លារ ៕


ចែករំលែក៖