ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនពលករខ្មែរម្នាក់ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ពលករខ្មែរដូចគ្នា

ចែករំលែក៖

ថៃ៖ កម្លាំងសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាពលករខ្មែរ បន្ទាប់ពីសម្លាប់ពលករខ្មែរ ដូចគ្នាកាលពីវេលាម៉ោង១១ ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខអគារ របស់កម្មករស្នាក់នៅចំការអំពៅ ស្ថិតក្នុងភូមិ១០ ឃុំវ៉ាំងយិន ស្រុកវ៉ាំយិន ខេត្តស្រះកែវ ប្រទេសថៃ ។

សមត្ថកិច្ចថៃ បញ្ជាក់ថា: ជនសង្ស័យឈ្មោះ ច័ន្ទ ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ មានស្រុកកំណើតនៅឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅដូចគ្នា ។

សមត្ថកិច្ចថៃបន្ថែមថា មុនកើតហេតុ ជនរងគ្រោះអង្គុយហូបកាហ្វេនៅខាងមុខអគារស្នាក់នៅ ដោយគេផឹកក្នុងសភាពងងុយដេក ព្រោះមានពេលខ្លះ ជនរងគ្រោះបានក្រាបដេកនៅលើតុ ឃើញសភាពបែបនេះ ក៏ជនសង្ស័យមានឱកាស បានយកកាំបិតសំរាប់កាប់អំពៅលបកាប់ចំកញ្ចឹងក ពីចំហៀងបណ្ដាលឲ្យស្លាប់នៅកន្លែងបង្កការភ្ញាក់ផ្អើលតែម្តង ។

ក្រោយពីធ្វើសកម្មភាពជនដៃដល់បានរត់គេចខ្លួន ដោយនាំយកទាំងកាំបិតនោះ ទៅជាមួយផង ។ នៅពេលដែលក្រុមតម្រួតថៃបានចុះមកពិនិត្យព្រមទំាងបានដាក់ពង្រាយកម្លាំងដើម្បីស្ទាក់ចាប់មុខសញ្ញាឃាតកយកទៅផ្តន្ទាទោសតាមច្បាប់ ។

ប្រភពបន្ថែមថា ក្រោយពីការស្រាវជ្រាយយ៉ាងសកម្មរហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចទើបឃាត់ខ្លួនជនសង្ស័យបានដោយនាំយកទៅសាកសួរ និងចង្អុលបង្ហាញទីតាំង ដែលគេបានយកកាំបិតទៅលាក់ទុកគឺ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រ ។

សមត្ថកិច្ចថៃបញ្ជាក់ថា: ឃាតករូបនេះ បានសារភាពថា ករណីនេះគឺកើតឡើងដោយសារតែពួកគេទាំងអ្នកគំនុំ ព្រោះពួកគេធ្លាប់មានទំនាស់ឈ្លោះប្រកែកគ្នា ជាច្រើនលើក ច្រើនសារមកហើយ រហូតថ្ងៃកើតហេតុ ហើយឯការរត់គេចខ្លួនកាលពីព្រឹកកើតហេតុនោះ រូបគេបានធ្វើដំណើរខុសផ្លូវដោយទិសដៅបំរ៉ុងទៅរកសាច់ញាតិនៅឯស្រុកកាប៊ីនបុរី ក្នុងខេត្តច័ន្ទបុរី ។

ដូច្នេះក៏ត្រូវវិលត្រឡប់មកកន្លែងកើតហេតុវិញ បំណងចូលទៅយកទូរស័ព្ទ ដើម្បីទាក់ទងតែចៃដន្យ ត្រូវតម្រួតថៃចាប់ខ្លួនបានតែម្តង ។ ក្រោយពីចាប់ខ្លួនជនសង្ស័យជាឃាតក ត្រូវកម្លាំងជំនាញសមត្ថកិច្ចថៃ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ។

សពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅអោយក្រុមគ្រួសារដើម្បីដឹកនាំយកទៅស្រុកកំណើតវិញ ក្នុងការរៀបចំធ្វើបុណ្យនៅស្រុកកំណើត ៕ វណ្ណា


ចែករំលែក៖