ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា ៖
«ខ្ញុំ និងភរិយា ពិតជាមានភាពសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នាពេលរាត្រីនេះ ដែលបាននិងកំពុងធ្វេីនៅវិមាន អនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។
ពិតណាស់ភាពសប្បាយរីករាយទាំងអស់នេះកើតមានដោយសារតែកម្ពុជាមាន «សុខសន្តិភាព» ពេញលេញ ដែលនាំឲ្យការលេងកម្សាន្តរបស់ប្រជាពលរដ្ឋមិនមានការព្រួយបារម្ភនោះឡើយ។ សន្តិភាព បានផ្តល់ឱកាសកាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋក្នុងការចូលរួមប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិនានា ទោះបីនៅពេលយប់ឬពេលថ្ងៃដោយគ្មានការភ័យខ្លាចឡើយ។ យើងត្រូវតែរួមគ្នាបន្តការពារសន្តិភាព និងថែរក្សាស្ថេរភាពនយោបាយសង្គមឲ្យបានល្អ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។
សូមអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ ការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមឆ្លងឆ្នាំសកលនៅ វិមាន ឈ្នះ ឈ្នះ នារាត្រីនេះអោយបានល្អ។
ជូនពរបងប្អូនជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកូនក្មួយយុវជនយុវតី សិស្សានុសិស្ស ព្រមទាំងកម្មករកម្មការិនីទូទាំងប្រទេស ជួបតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ សុខភាពល្អ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំសកលថ្មី២០១៩ នេះតទៅកុំបីខាន» ៕