ព័ត៌មានទាន់ហេតុការណ៍៖

កងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អាចនឹងផ្អាកដោយសារតែអស់ថវិកា

ចែករំលែក៖

ប្រទេសជាច្រើនជុំវិញពីភពលោក​បានកាត់បន្ថយការចំណាយទៅលើអង្គការសហប្រជាជាតិ ពិសេសគឺសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ អាមេរិកបានប្រកាសកាត់បន្ថយការផ្តាល់ប្រាក់ដល់អង្គការ សហប្រជាជាតិជាច្រើន​ចាប់តាំងពីលោកត្រាំឡើងកាន់តំណែង ​ ។

នៅពេលនេះលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា សហប្រជាជាតិកំពុងប្រឈមនឹងការខ្វះខាតទឹកប្រាក់ជិត២ពាន់លានដុល្លារ ដែលជាថវិកាជំនួយដែលមិនបង់ឱ្យសម្រាប់កងទ័ពរក្សាសន្តិភាពរបស់ខ្លួន ដោយតុល្យភាពប្រាក់មាននៅពេលនេះគឺអាចចំណាយលើប្រតិបត្តិការសម្រាប់រយៈពេលជិត២ខែប៉ុណ្ណោះ ។

លោក Antonio Guterres បានប្រាប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិនៅក្នុងលិខិតមួយកាលពីសប្តាហ៍មុនថា អង្គការសហប្រជាជាតិបានបង្ខំចិត្តបង្កើតគណនីសន្សំមូលនិធិនិងគណនីពិសេសដើម្បីគ្រប់គ្រងការចំណាយដែលបានមកពីប្រាក់ជំនួយកាលពីដំណាច់ឆ្នាំមុន ។

លោក បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងលិខិតនោះថា “បេសកកម្មរក្សាសន្តិភាពសកម្មនេះត្រូវបានរំពឹងថានឹងប្រឈមនឹងការខ្វះខាតថវិកាដោយសារការផ្តល់ប្រាក់ជំនួយយឺតយ៉ាវ” ។

លោកបន្តថា បច្ចុប្បន្នប្រាក់ដែលមិនទាន់បង់ឱ្យគឺមានចំនួនជិត២ពាន់លានដុល្លារហើយតុល្យភាពថវិកាដែលមាននៅពេលនេះ គឺអាចផ្គត់ផ្គង់បានរយៈពេលជិត២ខែបើប្រៀបធៀបទៅនឹងឆ្នាំមុននោះ គឺអាចផ្គត់ផ្គង់បានរយៈពេល៤ខែ ។

ថវិកាសម្រាប់ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចាប់ពីខែកក្កដាឆ្នាំ ២០១៨ ដល់ខែមិថុនាឆ្នាំ២០១៩ គឺមានចំនួនសរុប៦,៧ ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិក ចិននិងជប៉ុន បង់ប្រាក់ច្រើនជាងគេ ៕


ចែករំលែក៖