ភ្នំពេញ៖ រឿងរ៉ាវផ្អើលកាលពីជិត១ឆ្នាំមុន ករណីលោកចៅសង្កាត់កាកាបទី២ មានស្រីហើយភរិយា តាមទាន់ផ្អើលសាលាសង្កាត់មកដល់ពេលនេះ លោកបានសម្រេចបំណង តាមរយៈការលែងលះភរិយា ស្របច្បាប់នៅឯខេត្តកំពង់ឆ្នាំបានជោគជ័យជាផ្លូវការហើយ ។
អ្នកស្រី អ៊ល ពិសី អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង មានកូនស្រី៣នាក់ បានអះអាងប្រាប់ភ្នាក់ងារកាសែតនគរវត្តថា «តុលាការហៅខ្ញុំចូល គេកាត់ក្តី តែខ្ញុំមិនបានចូល ព្រោះខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍ ហើយខ្ញុំដាក់ពាក្យពន្យារ តែគេនៅតែកាត់ក្តីដែលគ្មានរូបខ្ញុំចូលរួម ហ្នឹងហើយដែលហៅថា កំបាំងមុខនោះ» ។
អ្នកស្រី អ៊ល ពិសី បន្តថា «នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃប្រកាសសាលក្រម ដែលខ្ញុំមិនបានចូលរួមស្តាប់ ហើយក្រដាស់សាលក្រមមកដល់ដៃខ្ញុំ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨»
មានន័យថា លោក ម៉ាលី ពិសិដ្ឋ អាយុ៣៩ឆ្នាំ ចៅសង្កាត់កាកាបទី២ បានដាក់ពាក្យសុំលែង ប្រពន្ធនៅឯខេត្តកំពង់ឆ្នាំងនោះ ដើម្បីយកប្រពន្ធក្រោយជាស្រីលួចលាក់ឲ្យក្លាយជាប្រពន្ធស្របច្បាប់ ។ ប្រព័ន្ធក្រោយមិនទាន់រៀបការជាអ្នកដែលបន្តផ្គត់ផ្គង់ជីវភាពលោក ម៉ាលី ពិសិដ្ឋ ក៏ដូចជា បានទិញរថយន្តឲ្យលោកម៉ាលី ពិសិដ្ឋ ជិះជាដើម ។
គួរបញ្ជាក់ថា លោកម៉ាលី ពិសិដ្ឋ និងអ្នកស្រី អ៊ល ពិសី បានយកគ្នាជាប្តីប្រព័ន្ធ ដោយមិនបានរៀបការ ប៉ុន្តែបានចុះសំបុត្រអាពាហ៍ពិពាហ៍ អស់រយៈពេលជាង១០ឆ្នាំមកហើយ ។ អ្នកស្រី អ៊ល ពិសី ជាស្ត្រីមេម៉ាយហើយលោកម៉ាលី ពិសិដ្ឋ ក៏ជាបុរសពោះម៉ាយ ពួកគេបានរួមរស់ជាមួយគ្នា បានកូនម្នាក់ទៀត ។ លោកម៉ាលី ពិសិដ្ឋ បានបញ្ជាឲ្យអ្នកស្រី អ៊ល ពិសី លុបនាមត្រកូលកូនប្តីមុនរបស់អ្នកស្រី ដោយយកឈ្មោះរបស់ខ្លួនដាក់ជំនួស ។
រឿងរ៉ាវគ្រួសារ ដែលមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍នេះ គឺកម្សត់កម្ររាប់រយជំពូក ដោយអ្នកស្រីអ៊ល ពិសី បានចំណាយលុយកាក់ផ្ទាល់ខ្លួន និងខ្ចីពុលធនាគារ៥ពាន់ដុល្លារ ប្រមូលប្រាក់ទាំងនោះ ឲ្យប្តីមកធ្វើការនៅទីក្រុង ។ មកដល់ភ្នំពេញ លោក ម៉ាលី ពិសិដ្ឋ បានជាប់ជាចៅសង្កាត់រងទី២ នៃសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ នៅពេលដែលបានតំណែង និងស័ក្តិយសនេះហើយ ដែលធ្វើឲ្យលោកម៉ាលី ពិសិដ្ឋ ភ្លេចគ្រាកម្សត់ភ្លេចប្រពន្ធកូននៅឯខេត្តកំពង់ឆ្នាំង ។
នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោកម៉ាលី ពិសិដ្ឋ ត្រូវបានក្លាយទៅជាចៅសង្កាត់កាកាប់ទី២ ដោយស្វ័យប្រវត្តិ ។ ប៉ុន្តែលោកមិនបានជូនដំណឹង ឬព័ត៌មាននេះឲ្យប្រពន្ធកូនដឹងឡើយ ផ្ទុយទៅវិញលោកបន្តលាក់លៀមរហូត ។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែអ្នកស្រី អ៊ល ពិសី បានទទួលពាក្យសុំលែងលះពីតុលាការទៅវិញ ។
ការព្យាយាមសុំជួបប្តីពីសំណាក់អ្នកស្រី អ៊ល ពិសី មិនបានជោគជ័យនោះទេ ពោលគឺលោកម៉ាលី ពិសិដ្ឋ បានព្យាយាមគេច មិនជួបមុខប្រពន្ធនោះឡើយ ។ ការដែលលោកមិនជួបមុខប្រពន្ធ ព្រោះលោកមានស្រីថ្មី ជាអ្នករកស៊ីលក់ដូរ នៅជិតសាលាសង្កាត់កាកាបទី២នោះ ។
លោកម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ បានប្រាប់អ្នកកាសែតនគរវត្តថា «រឿងនេះចប់ហើយ ដោយថ្ងៃប្រកាសសាលក្រម អតីតរបស់ភរិយារបស់ខ្ញុំមិនបានចូលរួមទេ»។ លោកបានបិទទូរស័ព្ទយ៉ាងលឿនដោយមិននិយាយអ្វីទៀតឡើយ ។
រឿងរ៉ាវខាងលើនេះ បានបន្សល់នូវទុក្ខសោក សម្រាប់កូន និងភរិយាដែលគ្មានកំហុស ហើយវាក៏ជាគំរូដ៏អាក្រក់មួយ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់កាកាបទី២ មិនពេញចិត្តទាល់តែសោះ ។ ប្រជាពលរដ្ឋយល់ថា ក្នុងនាមជាអ្នកដឹកនាំ មិនគួរធ្វើជាគំរូអាក្រក់យ៉ាងដូច្នេះឡើយ ។ ប្រជាពលរដ្ឋចោទសួរថា ខ្វះណាស់មនុស្សល្អ និងមានសមត្ថភាព ហេតុអ្វីមិនឲ្យមកធ្វើជាចៅសង្កាត់ បែរជារើសមនុស្សដូចលោកម៉ាលី ពិសិដ្ឋ ឲ្យដឹកនាំសង្កាត់ទៅវិញ ៕ ហេង សូរិយា