ព័ត៌មានទាន់ហេតុការណ៍៖

តេទូរស័ព្ទហៅប្រពន្ធមកជួប តែប្រពន្ធមិនមក យកទឹកអាស៊ីត ជះត្រូវកូនតូចម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បែកបាក់ជាមួយប្រពន្ធរបស់ខ្លួនអស់រយៈពេលជាច្រើនខែ បានតេទូរស័ព្ទហៅប្រពន្ធឲ្យជួប តែប្រពន្ធមិនមកក៏បានយកទឹកអាស៊ីតជះទៅលើប្រពន្ធ ខណៈកំពុងពកូន បណ្ដាលឲ្យត្រូវកូនតូចរងរបួសធ្ងន់ រីឯស្ដី្រជាប្រពន្ធរួមនិងនារីម្នាក់មកជាមួយរងរបួសស្រាល ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះមាន៣នាក់ ទី១-ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួសស្រាលត្រូវជាប្រពន្ធជនសង្ស័យ) ទី២-ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ហេតុ (របួសស្រាល) និងទី៣-ក្មេងប្រុសម្នាក់ដែលទទួលរងរបួសធ្ងន់ឈ្មោះ ណាន ឈាវ ភេទប្រុសអាយុ១ឆ្នាំ ៦ខែ ត្រូវជាកូនជនសង្ស័យ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អ៊ុក កុម្ភះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងរោងការនៅឯភ្នំពេញ មានទីលំនៅខេត្តកំពត (ត្រូវជាប្តី) គេចខ្លួន។

ប្រភពដដែលបន្ដថា ជនរងគ្រោះនិងជនសង្ស័យគឺជាប្ដីប្រពន្ធនឹងគ្នា ដោយសារការរស់នៅជាមួយគ្នាជនសង្ស័យជាប្ដីតែវាយធ្វើបាបញឹកញាប់ពេក នារីជាប្រពន្ធក៏បានសម្រេចចិត្ដចាកចេញពីប្ដីទៅនៅស្រុកកំណើតរបស់ខ្លួនឯភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល អស់រយៈពេលជាច្រើនខែមកហើយ រីឯជនសង្ស័យជាប្ដីវិញ ក្រោយពីបែកបាក់ជាមួយប្រពន្ធរួចហើយ តែងគម្រាមជះទឹកអាស៊ីតទៅលើប្រពន្ធនៅថ្ងៃណាមួយ ។លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះ អ៊ុក កុម្ភះ (ជនសង្ស័យ)បានតេទូរសព្ទ័មកឈ្មោះ រ៉ា ស្រីនិច្ច ជាប្រពន្ធច្រើនដងឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប៉ុន្តែនារីរងគ្រោះឈ្មោះ រ៉ា ស្រីនិច្ច មិនព្រមទៅជួបនោះទេ ហើយឈ្មោះ អ៊ុក កុម្ភះ បាននិយាយថា បើមិនទៅជួបប្រាកដជាមានរឿង ។ រហូតមកដល់ម៉ោង ១៩ ថ្ងៃខែឆ្នាំដដែល ឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និង ឈ្មោះ ណាន ឈាវ បានដើរទៅទិញម្ហូបនៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរឈ្មោះ ណាន ឈាវ ខណៈទិញម្ហូបរួច ក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះ ឈ្មោះ អ៊ុក កុម្ភះ ជនសង្ស័យ បានជិះម៉ូតូ រួក៏បានយកទឹកអាស៊ីតជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខក្មេងប្រុសម្នាក់ជាកូនឈ្មោះ ណាន ឈាវ រងរបួសធ្ងន់ រីឯនារី២នាក់រងរបួសស្រាល ក្រោយពីធ្វើសកម្មភាពចប់ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។ ចំពោះករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កសាងសំណុំរឿង ដើម្បីស្វែងរកជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖