ភ្នំពេញ៖ ដោយសារតែយុវវ័យឈាមរាវ២ក្រុម បានបើកឆាកប្រយុទ្ធគ្នាផ្អើលពេញមុខខារ៉ាអូខេ “គ្រួសារ ឡាលីន” ខណៈភាគីម្ខាងមានគ្នា២នាក់ ជិះម៉ូតូម៉ាក Today មួយគ្រឿង ឌុបគ្នាទៅទិញបារីជក់ ហើយគ្រាន់តែងាកមើលមុខក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង២០នាក់ ដែលមកចូលរួមកម្មវិធីខួបកំណើត ស្របពេលដែលផឹកស្រវឹងស្រឿងៗផង បែរជាឌឺដងដាក់គ្នា រួចនាំគ្នាកាន់ចាន និងកែវ រត់សម្រុកចេញពីក្នុងហាង ដេញតាមវាយ និងគប់សំដៅទៅលើក្មេងស្ទាវទាំង២នាក់នោះ រត់ចូលដល់ក្នុងភូមិស្រែកឆោឡោផ្អើលសមត្ថកិច្ចនិងពលរដ្ឋជួយអន្តរាគមន៍ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៩៩ កែងផ្លូវលេខ៤៩៨ ត្រង់ចំណុចហាងខារ៉ាអូខេយីហោខារ៉ាអូខេ “ គ្រួសារ ឡាលីន – Lalin Family KTV” ភូមិ៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនៅក្នុងហាងខារ៉ាអូខេខាងលើ មានរៀបចំកម្មវិធីខួបកំណើត ដោយឃើញមានក្មេងស្ទាវប្រុសស្រី ជិះឌុបគ្នា ចូលមកបន្តបន្ទាប់ ក្រោយមកក៏មានក្មេងស្ទាវ២នាក់ ជិះម៉ូតូ Today ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Z-8835 ឌុបគ្នា បំណងទៅទិញបារីជក់ ដោយធ្វើដំណើរឆ្លងកាត់ពីមុខ ហាងខារ៉ាអូខេខាងលើ ហើយក៏ងាកមើលឃើញមានគេធ្វើកម្មវិធីខួបកំណើត រួចក៏ជិះទៅបាត់ ។
ប្រភពដដែលបន្តថា ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញក្មេងស្ទាវ២នាក់នោះ ជិះត្រលប់មកវិញ រួចងាកមើលទៅកន្លែងគេធ្វើខួបកំណើតនោះទៀត ពេលនោះក៏មានក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង២០នាក់ មានជនជាតិខ្មែរ និងវៀតណាម ដែលមកចូលរួមកម្មវិធីខួបកំណើត ក្នុងហាងខារ៉ាអូខេ “គ្រួសារ ឡាលីន” ខាងលើនោះ ទំនងជាផឹកស្រវឹងស្រឿងៗផង ខណៈដែលឃើញក្មេងស្ទាវទាំង២នាក់នោះ ជិះម៉ូតូឌុបគ្នាឆ្លងកាត់មុខនោះទៀត ហើយងាកមើលមុខគ្នាទៅវិញទៅមក ឌឺដងដាក់គ្នា ទើបស្រែកដាក់ក្មេងស្ទាវ២នាក់នោះថា “ហែង មើលអីហា” ក្មេងស្ទាវទាំង២នាក់នោះក៏ឈប់ម៉ូតូនៅមុខនោះចម្ងាយពីហាងជិត១០ម៉ែត្រ ហើយក៏ឆ្លើយវិញថា “គ្រាន់តែខ្ញុំមើលមុខសោះ មិនបានដែរ ” ស្រាប់តែក្រុមក្មេងស្ទាវមានគ្នាជាង២០នាក់នោះ ស្រែកថា “ពួកហែងឈ្លើយម៉េសហា” ហើយក៏សម្រុកចេញពីក្នុងហាង ដោយមានអ្នកខ្លះកាន់ចាន កែវ និងខ្លះទៀតរើសដុំថ្ម ឃើញដូច្នេះក្មេងស្ទាវទាំង២នាក់នោះ ទុកម៉ូតូចោលរត់ចូលក្នុងភូមិ ហើយក្រុមក្មេងស្ទាវនោះរត់ដេញតាម គប់សំដៅទៅលើក្មេងស្ទាវទាំង២នាក់នោះ រហូតដេញតាមចូលដល់ក្នុងភូមិ ទើបក្មេងទាំង២នាក់នោះ ស្រែកឆោឡោថា “ជួយផងគេដេញវ៉ៃខ្ញុំហើយ” ។ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជាច្រើនទៀត ចេញមកជួយ ហើយរើសដុំថ្ម គប់ទៅវិញទៅមក បណ្ដាលឲ្យក្មេងស្ទាវទាំង២នាក់នោះ រងរបួសឈាមពេញដៃ ភ្លាមនោះអ្នកភូមិក៏បានរត់ដេញតាមក្រុមក្មេងស្ទាវមានគ្នាជាង២០នាក់នោះវិញ អ្វីឲ្យពួកគេភ័យរត់មកចូលពួនក្នុងហាងបាត់អស់ ។ ដោយខឹងចិត្តពេក មិនឃើញមានអ្នកណាចេញមកដោះស្រាយ ទើបអ្នកភូមិនាំគ្នាព្រួតវាយកម្ទេចម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BX-4602 ដែលជារបស់ភាគីក្រុមក្មេងស្ទាវមានគ្នាច្រើន បានរត់ចោលម៉ូតូនោះ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋផ្សេងទៀតរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង ។
ក្រោយកើតហេតុ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះមកពិនិត្យមើលជាក់ស្ដែង រួចយកម៉ូតូ២គ្រឿង មានម៉ូតូម៉ាក Today មួយគ្រឿង និងម៉ូតូហុងដាឌ្រីមមួយគ្រឿង ) យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីរងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នា ។ បន្ទាប់មកភាគីម្ខាងជាក្មេងស្ទាវទាំង២នាក់នោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចអនុវត្តន៍តាមច្បាប់ ស្រាប់តែមួយសន្ទុះក្រោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានមកនាំខ្លួនយុវជនម្នាក់ ដែលជាម្ចាស់ម៉ូតូហុងដាឌ្រីម ខាងភាគីបង្កហេតុ មកធ្វើការសាកសួរបំភ្លឺនៅប៉ុស្តិ៍ផ្សារដើមថ្កូវផងដែរ ។ ដោយឡែកក្រុមក្មេងស្ទាវជាង២០នាក់ ដែលនៅសល់មានប្រុសមានស្រីនោះ ត្រូវបានម្ចាស់ហាងឃាត់ទាំងអស់មិនឲ្យចេញមកក្រៅនោះទេ ដោយឲ្យធ្វើការទូទាត់សងសម្ភារៈខូចខាតរួចរាល់ហើយ ទើបអនុញាតឲ្យត្រលប់ទៅផ្ទះវិញ ៕ស រស្មី