ព័ត៌មានទាន់ហេតុការណ៍៖

ជំនួយការជិតស្និទ្ធបំផុតរបស់លោកត្រាំ ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ជំនួយការជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​២៥ ខែមករា​ដោយចោទប្រកាន់​ពីបទ និយាយកុហកសភា ក្នុងការស្រាវជ្រាវ​ ជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតអាមេរិក ។

លោក​ Roger Stone អាយុ​៦៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះ នៅតំបន់​ Fort Lauderdal ​រដ្ឋ Florida ​នាថ្ងៃទី​២៥ ខែមករា ដោយចោទប្រកាន់ ៧បទល្មើសផ្សេងគ្នា។ ប៉ូលិស ពិសេសមួយក្រុមកំពុងដំណើរការស៊ើបអង្កេត ពាក់ព័ន្ធដែលថា រុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។

ប្រភពព័ត៌មានផ្សាយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោក Roger Stone ត្រូវបានចាប់ខ្លួន ចោទប្រកាន់៧បទល្មើស ទាក់ទងករណីស៊ើបអង្កេតសំណុំរឿងរុស្ស៊ីជ្រៀតចូលកិច្ចការបោះឆ្នោតអាមេរិក ដែលមានលោក Robert Mueller ជាប្រធានក្រុមស៊ើបអង្កេតពិសេស ។

ការចាប់ខ្លួនធ្វើឡើងនៅតំបន់ Fort Lauderdale រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក ។ បទល្មើសទាំង៧យ៉ាង ទីមួយរំខានដល់កិច្ចការស៊ើបអង្កេតរបស់ប៉ូលិស, ៥ករណីនិយាយកុហក និង១ករណីទៀតពីបទ បំផ្លាញភស្តុតាង ។

សូមបញ្ជាក់ថា លោក Roger Stone អាយុ៦៦ឆ្នាំ បានលាឈប់ពីទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៥ ប៉ុន្តែបានបន្តគាំទ្របេក្ខភាពប្រធានាធិបតីដូណាល់ ត្រាំជានិច្ច ។ អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន ថ្លែងថា ការចាប់ខ្លួន និងចោទប្រកាន់លោក Roger Stone នេះមិនពាក់ព័ន្ធអ្វីជាមួយលោកប្រធានាធិបតី ឬជាមួយសេតវិមាននោះឡើយ ៕


ចែករំលែក៖