ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ​ប្រាយុទ្ធ ចាន់អូចារ្យ ​រងគំនាបឲ្យលាលែងពីតំណែងរំសាយរដ្ឋាភិបាល

ចែករំលែក៖

ក្រោយពេលគណៈកម្មការរៀបចំការបើឆ្នោតថៃ​បានប្រកាស ជាផ្លូវការថា​ ការបោះឆ្នោតជាតិ​នឹងត្រូវធ្វើឡើងនៅថ្ងៃទី​២៤ ខែមីនា ខាងមុខ ។ នៅពេលមានកាលបរិច្ឆេទច្បាស់លាស់ បណ្តាគណបក្សនយោបាយថៃ បានដាក់គំនាបទៅលើនាយករដ្ឋមន្ត្រី រំលាយគណៈរដ្ឋមន្ត្រី និង​លាលែងពីតំណែង ។

កន្លងមក ប្រធានគណៈកម្មការ​រៀបចំការបោះឆ្នោតថៃ​ លោក Itthiporn Boonprakong ​ បានឲ្យដឹងថា ​ក្រោយពេលច្បាប់​បញ្ជឲ្យរៀបចំការបោះឆ្នោត​ ត្រូវបានព្រះមហាក្សត្រប្រកាស គណៈកម្មការ​បានជួបប្រជុំ នឹងចេញសេចក្តីសម្រេច​ភ្លាមៗ ។ នៅពេលនេះដែរ បណ្តាគណបក្សនយោបាយ បេក្ខភាពតំណាងរាស្ត្រ នឹង​ដាក់សំណើឈរឈ្មោះជាបេក្ខភាពទៅកាន់គណៈកម្មការ ចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៨ ខែកុម្ភៈ ខាងមុខ ។ បញ្ជីឈ្មោះ បេក្ខភាព នឹងត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១៩ ។

ដោយមានកាលបរិច្ឆេទច្បាស់លាស់ បណ្តាគណបក្សនយោបាយថៃ​ បានដាក់គំនាបឲ្យនាយករដ្ឋមន្ត្រីថៃ លោក​ ប្រាយុទ្ធ ចាន់ អូចារ្យ​ លាលែងពីតំណែង និង រំសាយគណៈរដ្ឋមន្ត្រី​ដើម្បីត្រៀមបោះឆ្នោត​នៅចុងខែមីនា​ខាងមុខ ។

តាមការលើកឡើងរបស់បណ្តាគណបក្សនយោបាយថៃ រដ្ឋាភិបាលបានឆ្លៀតឱកាស​កាន់អំណាចដើម្បីសម្រេចគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន​ និងធ្វើឲ្យបក្សប្រឆាំង កាន់តែ ធ្លាក់ចុះ​ ។ គណបក្សភឿថៃ បានស្នើដល់ លោក​ប្រាយុទ្ធ ចាន់អូចារ្យ ​លាលែងពីតំណែង និងបិទទ្វារដ្ឋាភិបាល បញ្ចប់កម្មវិធីប្រើប្រាស់មូលនិធិរដ្ឋ និងបញ្ជប់​ការដាក់ពង្រាយយោធា ។

ក្នុងពេលនេះដែរ គណបក្សប្រជាធិបតេយ្យ បានទាមទារនាយករដ្ឋមន្ត្រីបញ្ឈប់ការប្រើប្រាស់​មាត្រាទី​៤៤ នៃរដ្ឋធម្មនុញ្ញ ដោយត្រូវបានគេចាត់ទុកថា ​ជាអាវុធ​សំខាន់ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ តាំងពីក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ​២០១៤ ។ នៅពេលនេះ រដ្ឋាភិបាលត្រូវតែរក្សា​ទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុណ្ណោះ រង់ចាំការផ្ទេរអំណាចដល់រដ្ឋាភិបាលស៊ីវិលថ្មី​ ។

ជាមួយគ្នានេះ គណបក្សប្រឆាំងបានដាក់គំនាបឲ្យនាយករដ្ឋមន្ត្រី បង្ហាញពីគោលជំហរនយោបាយដោយបើកចំហរ មិនត្រូវមានសកម្មភាព កេងប្រវ័ញ្ចនយោបាយ យកប្រៀបទៅលើគូប្រជែងនោះឡើយ​៕


ចែករំលែក៖