ជំនួយការជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមករាដោយចោទប្រកាន់ពីបទ និយាយកុហកសភា ក្នុងការស្រាវជ្រាវ ជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតអាមេរិក ។
លោក Roger Stone អាយុ៦៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះ នៅតំបន់ Fort Lauderdal រដ្ឋ Florida នាថ្ងៃទី២៥ ខែមករា ដោយចោទប្រកាន់ ៧បទល្មើសផ្សេងគ្នា។ ប៉ូលិស ពិសេសមួយក្រុមកំពុងដំណើរការស៊ើបអង្កេត ពាក់ព័ន្ធដែលថា រុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។
ប្រភពព័ត៌មានផ្សាយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោក Roger Stone ត្រូវបានចាប់ខ្លួន ចោទប្រកាន់៧បទល្មើស ទាក់ទងករណីស៊ើបអង្កេតសំណុំរឿងរុស្ស៊ីជ្រៀតចូលកិច្ចការបោះឆ្នោតអាមេរិក ដែលមានលោក Robert Mueller ជាប្រធានក្រុមស៊ើបអង្កេតពិសេស ។
ការចាប់ខ្លួនធ្វើឡើងនៅតំបន់ Fort Lauderdale រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក ។ បទល្មើសទាំង៧យ៉ាង ទីមួយរំខានដល់កិច្ចការស៊ើបអង្កេតរបស់ប៉ូលិស, ៥ករណីនិយាយកុហក និង១ករណីទៀតពីបទ បំផ្លាញភស្តុតាង ។
សូមបញ្ជាក់ថា លោក Roger Stone អាយុ៦៦ឆ្នាំ បានលាឈប់ពីទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៥ ប៉ុន្តែបានបន្តគាំទ្របេក្ខភាពប្រធានាធិបតីដូណាល់ ត្រាំជានិច្ច ។ អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន ថ្លែងថា ការចាប់ខ្លួន និងចោទប្រកាន់លោក Roger Stone នេះមិនពាក់ព័ន្ធអ្វីជាមួយលោកប្រធានាធិបតី ឬជាមួយសេតវិមាននោះឡើយ ៕