ព័ត៌មានទាន់ហេតុការណ៍៖

បាតុករ«កន្សែងក្រហម» អាចនឹងប៉ះទង្គិចគ្នាជាមួយ​បាតុករអាវកាក់លឿង នៅបារាំង

ចែករំលែក៖

នៅពេលនេះបារាំង លេចចេញនៅក្រុមបាតុករថ្មីមួយទៀត ដោយយកកន្សែងក្រហមធ្វើជានិមិត្តសញ្ញា នៅក្នុងការធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល និងប្រឆាំងទៅលើក្រុមបាតុករ អាវកាក់លឿង ដែលបានធ្វើបាតុកម្មជាច្រើនសប្តាហ៍កន្លងមក ប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងសង្គម ។

វត្តមានរបស់ក្រុមបាតុករ កន្សែងក្រហមកើតឡើង ក្រោយពេលក្រុមបាតុករអាវកាក់លឿងនៅបារំាង មិនមានសញ្ញាបញ្ចប់ ដោយបន្តធ្វើបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀត ឈានចូលសប្តាហ៍ទី​១១​ហើយ​បង្កឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពលរដ្ឋ បារាំង ។ ទាំងនោះហើយ បានជាពលរដ្ឋ ដែលគាំទ្ររដ្ឋាភិបាល បាននាំគ្នា​ដង្ហែក្បួនបាតុកម្ម គាំទ្រ រដ្ឋាភិបាលវិញម្តង ដោយ ក្រុមបាតុករ បានយក កន្សែងក្រហម ធ្វើជា និមិត្តសញ្ញា ប្រឆាំង នឹងក្រុមអាវកាក់លឿង។

កាលពីថ្ងៃទី​២៧ ខែមករា ពលរដ្ឋបារាំងរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម «កន្សែងក្រហម»នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីប្រឆាំងទៅនឹងក្រុមបាតុករ «អាវកាក់លឿង​»​ដែលបានធ្វើបាតុកម្មរយៈពេល​១១សប្តាហ៍កន្លងមក បង្កឲ្យសង្គមធ្លាក់ក្នុងស្ថានភាព ច្របូកច្របល់និងសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។

កម្លាំងប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា មានមនុស្សប្រមាណជាង ១ម៉ឺននាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវ សំខាន់ៗ ដោយអ្នកចូលរួម បានប្រើប្រាស់កន្សែងក្រហមធ្វើជានិមិត្តសញ្ញា គាំទ្រប្រធានាធិបតី Emmanuel Macron ​និងកម្លាំងប៉ូលិសនៅក្នុងការ បំបែកហ្វូងបាតុករ បង្កអសន្តិសុខនៅក្នុងសង្គម​។

សកម្មភាពធ្វើបាតុកម្ម​«កន្សែងក្រហម»គាំទ្រ ប្រធានាធិបតី កើតឡើងក្រោយពេល មានក្រុមបាតុករអាវកាក់លឿង បន្តធ្វើបាតុកម្មកាលពីថ្ងៃទី​២៦ខែមករា​ ឈានចូលសប្តាហ៍ទី​១១ហើយ ប្រឆាំងរដ្ឋាភិបាល ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបារាំង ដូចជារាល់លើក ពេលដំបូង ធ្វើឡើងក្នុងសន្តិភាព ប៉ុន្តែក្រោយមក ក៏មានហិង្សាកើតឡើង​ ។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនបាតុករ​២០០នាក់ ក្រោយពេលបង្កហិង្សា គប់ដុំថ្មទៅលើកម្លាំងសន្តិសុខ ៕


ចែករំលែក៖