នៅពេលនេះ ប៉ូលិសអាមេរិក៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះ បានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។
ការបាញ់ប្រហារកើតឡើងស្ទើរតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះ គឺសម្តៅទៅលើកម្លាំងប៉ូលិសតែម្តង បានបណ្តាលឲ្យប៉ូលិស៥នាក់រងរបួសធ្ងន់ ។
កាលពីថ្ងៃទី២៦ ខែមករា ក៏បានការបាញ់ប្រហារបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរបួសជាច្រើន នៅរដ្ឋ Louisiana ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួន។
នៅថ្ងៃទី២៣ ខែមករា ក៏មានការបាញ់ប្រហារនៅក្នុងទីក្រុង Sebring រដ្ឋFlorida សម្លាប់មនុស្ស ៥នាក់ និងរងរបួសជាច្រើន ផងដែរ ។ ការបាញ់ប្រហារនោះ ធ្វើឡើងដោយបុរសវ័យ២១ឆ្នាំ នៅក្នុងធនាគារ ក្នុងទីក្រុង Sebring ។
នៅថ្ងៃទី២៨ ខែមរានេះ ប៉ូលិសអាមេរិក៥នាក់ រងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងនៅតំបន់ភាគខាងត្បូង ទីក្រុង Houston កាលពីយប់ថ្ងៃទី២៨ ខែមករា ។ អភិបាលរដ្ឋបានចាត់ទុកការបាញ់ប្រហារខាងលើ គឺជារឿងដ៏រន្ធត់ មិនអាចទទួលយកបាន ។
ប៉ូលិស៥នាក់ ដែលរងការបាញ់ប្រហារនោះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Memorial Hermann សង្គ្រោះ ហើយពេលនេះ ប៉ូលិស៣នាក់ មានស្ថានភាពល្អប្រសើរឡើងវិញហើយ ចំណែកពីរនាក់ទៀត ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ ចំណែកជនដៃដល់ដែលបាញ់ប្រហារទៅលើកម្លាំងប៉ូលិសនោះត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ។
សារព័ត៌មាន ABC Action News បានដកស្រង់សម្តីសាក្សីនៅនឹងកន្លែងកើតហេតុ លោកស្រី Jasmine Castro បានឲ្យដឹងថា បានឮស៊ូសំឡេងកាំភ្លើងផ្ទុះ ប្រមាណ ១៥គ្រាប់ ពេលនោះក៏ឃើញប៉ូលិស ដួលទៅលើដី ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ប៉ូលិសទាំង៥នាក់ខាងលើស្លៀកពាក់ស៊ីវិល អនុវត្តច្បាប់ តាមដាន់លើមុខសញ្ញា ។ ការបាញ់ប្រហារខាងលើ ធ្វើឲ្យកម្លាំងប៉ូលិស ច្រើនបំផុតរងរបួស ចាប់តាំង ពីការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកទល់ពេលនេះ ។ កន្លងមក មានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើន ប៉ុន្តែសំដៅទៅលើប្រជាពលរដ្ឋ ប៉ុណ្ណោះ មិនសំដៅទៅលើកម្លាំងប៉ូលិសនោះឡើយ។
នៅព្រឹកថ្ងៃទី២៩ ខែមករា អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចេញសេចក្តីប្រកាសថា «ការវាយប្រហារទៅលើកម្លាំងប៉ូលិសនៅយប់ថ្ងៃទី២៨ ខែមករា គឺជាការរំលឹកដល់យើងទាំងអស់គ្នាថា ការខិតខំរបស់កម្លាំងសន្តិសុខ ដើម្បីការពារសុវត្ថិភាពរបស់យើងរាល់គ្នា គឺបានលះបង់ យ៉ាងធំធេង »៕