ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងប្រទេសបានឡើយ

ចែករំលែក៖

នៅពេលនេះ ប៉ូលិសអាមេរិក​៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះ បានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។

ការបាញ់ប្រហារកើតឡើងស្ទើរតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះ គឺសម្តៅទៅលើកម្លាំងប៉ូលិសតែម្តង បានបណ្តាលឲ្យប៉ូលិស​៥នាក់រងរបួសធ្ងន់ ។

កាលពីថ្ងៃទី​២៦ ខែមករា ក៏បានការបាញ់ប្រហារបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរបួសជាច្រើន នៅរដ្ឋ​ Louisiana ​ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួន​​។

នៅថ្ងៃទី​២៣ ខែមករា ក៏មានការបាញ់ប្រហារនៅក្នុងទីក្រុង​ Sebring ​រដ្ឋ​Florida ​សម្លាប់មនុស្ស ៥នាក់ និងរងរបួសជាច្រើន ផងដែរ ។ ការបាញ់ប្រហារនោះ ធ្វើឡើងដោយបុរសវ័យ​២១ឆ្នាំ នៅក្នុងធនាគារ ក្នុងទីក្រុង​ Sebring ។

នៅថ្ងៃទី​២៨ ខែមរានេះ ប៉ូលិសអាមេរិក​៥នាក់ រងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងនៅតំបន់ភាគខាងត្បូង​ ទីក្រុង Houston ​កាលពីយប់ថ្ងៃទី​២៨ ខែមករា​ ។ ​អភិបាលរដ្ឋបានចាត់ទុកការបាញ់ប្រហារខាងលើ គឺជារឿងដ៏រន្ធត់ មិនអាចទទួលយកបាន ។

ប៉ូលិស​៥នាក់ ដែលរងការបាញ់ប្រហារនោះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ Memorial Hermann ​សង្គ្រោះ​ ហើយពេលនេះ ប៉ូលិស​៣នាក់ មានស្ថានភាពល្អប្រសើរឡើងវិញហើយ​ ចំណែកពីរនាក់ទៀត ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ ចំណែកជនដៃដល់ដែលបាញ់ប្រហារទៅលើកម្លាំងប៉ូលិសនោះ​ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ។

សារព័ត៌មាន​ ABC Action News ​បានដកស្រង់សម្តីសាក្សីនៅនឹងកន្លែងកើតហេតុ លោកស្រី​ Jasmine Castro បានឲ្យដឹងថា បានឮស៊ូសំឡេងកាំភ្លើងផ្ទុះ ប្រមាណ ១៥គ្រាប់ ពេលនោះក៏ឃើញប៉ូលិស ដួលទៅលើដី ​។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បានឲ្យដឹងថា ប៉ូលិសទាំង​៥នាក់ខាងលើ​ស្លៀកពាក់ស៊ីវិល អនុវត្តច្បាប់ តាមដាន់លើមុខសញ្ញា ។ ការបាញ់ប្រហារខាងលើ ធ្វើឲ្យកម្លាំងប៉ូលិស ច្រើនបំផុតរងរបួស ចាប់តាំង ពីការវាយប្រហារភេរវកម្ម​ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ មកទល់ពេលនេះ ។ កន្លងមក មានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើន ប៉ុន្តែសំដៅទៅលើប្រជាពលរដ្ឋ ប៉ុណ្ណោះ មិនសំដៅទៅលើកម្លាំងប៉ូលិសនោះឡើយ​។

នៅព្រឹកថ្ងៃទី២៩ ខែមករា អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចេញសេចក្តីប្រកាសថា «ការវាយប្រហារ​ទៅលើកម្លាំងប៉ូលិសនៅយប់ថ្ងៃទី​២៨ ខែមករា គឺជាការរំលឹកដល់យើងទាំងអស់គ្នាថា ការខិតខំរបស់កម្លាំងសន្តិសុខ ដើម្បីការពារសុវត្ថិភាពរបស់យើងរាល់គ្នា គឺបានលះបង់ យ៉ាងធំធេង »៕


ចែករំលែក៖