ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei រងចោទបទឧក្រិដ្ឋកម្ម បោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក

ចែករំលែក៖

សកម្មភាពរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកសម្រេចចោទប្រកាន់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei ​បំពានច្បាប់ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជាមួយនឹងបទល្មើស១៣ផ្សេងគ្នា ។

អាមេរិកបានសម្រេចចោទប្រកាន់ជាផ្លូវការ ដល់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei នូវបទល្មើសចំនួន​១៣ផ្សេងគ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការរកស៊ីជាមួយអ៊ីរ៉ង់ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ​។

សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹង​ជាមួយចិន​ថែមទៀត​ ក្នុងពេលដែលប្រទេសទាំងពីរ កំពុងតែតានតឹងក្នុងវិស័យពាណិជ្ជកម្ម ។ រដ្ឋាភិបាលចិន​បានចាត់ទុកសកម្មភាពរបស់អាមេរិក ជាសកម្មភាពនយោបាយមកលើក្រុមហ៊ុនឯកជនធំបំផុតរបស់ចិន ។ មិនតែប៉ុណ្ណោះ​អាមេរិក ក៏បានគៀងគរអឺរ៉ុប ឲ្យបញ្ឈប់ការប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន Huawei ផងដែរ ។

ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់ផ្លូវការ ប្រឆាំងទៅលើលោកស្រី អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei ពីបទឧក្រិដ្ឋកម្ម ដោយសារការបោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក ។ ជាមួយគ្នានេះ ក្រុមហ៊ុនបន្ទាប់បន្សំរបស់ Huawei២ទៀត ក៏រងការចោទប្រកាន់ដូចគ្នានេះដែរ។

រដ្ឋអាជ្ញាសហព័ន្ធអាមេរិក ក៏បានបញ្ជាក់ទៀតថា ករណីដោយឡែកមួយទៀត អាមេរិកក៏បានចោទពីបទលួចការណ៍ពាណិជ្ជកម្មសម្ងាត់តាមរយៈប្រព័ន្ធទូរស័ព្ទផងដែរ ហើយថា រដ្ឋអាជ្ញាអាមេរិកបាននិងកំពុងស្វែងរកតាមផ្លូវច្បាប់ ធ្វើបត្យាប័ន លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុចិន ពីកាណាដា ទៅកាន់អាមេរិកដើម្បីទទួលទោសកំហុស ។

សូមបញ្ជាក់ថា លោកស្រី Meng Wanzhou ត្រូវកាណាដាចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ តាមសំណើរបស់អាមេរិក ខណៈដែលលោកស្រីកំពុងរង់ចាំជើងយន្តហោះ ក្នុងប្រទេសកាណាដា ។

រដ្ឋាភិបាលចិនបានទាមទារឲ្យកាណាដា ក៏ដូចអាមេរិកដោះលែងលោកស្រី Meng Wanzhou ដោយឥតលក្ខខណ្ឌ ហើយថា អាមេរិក និងកាណាដា កំពុងតែរំលោភបំពានសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋចិនយ៉ាងធ្ងន់ធ្ងរ ។

សូមបញ្ជាក់ដែរថា តុលាការដែលប្រកាសចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រឆាំងលោកស្រី Meng Wanzhou នាពេលនេះ គឺតុលាការនៅ Brooklyn និង Seattle ស្របពែលដែលអាមេរិក និងចិនមានគម្រោងពិភាក្សាក្នុងសប្តាហ៍នេះ ស្តីអំពីជម្លោះពាណិជ្ជកម្មផងដែរ ៕


ចែករំលែក៖