ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បាត់បង់ជីវិត អាណោចអាធ័ម ខណៈបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតធ្លាក់ក្នុងប្រឡាយក្រឡាប់សង្កត់ពីលើ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហ៊ីវ ហាវ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងប្រុសរងគ្រោះខាងលើនេះ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដោយរួមដំណើរជាមួយក្មេងៗ៦នាក់ជិះ ពីលើរ៉ឺម៉កផងដែរ ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ម៉ូតូរ៉ឺម៉កចូលទៅក្នុងប្រឡាយ បណ្ដាលឲ្យម៉ូតូ និងរ៉ឺម៉កក្រឡាប់ផ្ងារជើងឡើងលើ សង្កត់ក្មេងប្រុសជាជនរងគ្រោះជាអ្នកបើកស្លាប់តែម្ដង ។ ចំពោះក្មេងៗ៦នាក់ទៀតពុំរងរបួសទេ ព្រោះលោតផ្លោះចេញពីរ៉ឺម៉កទាន់ពេល ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារក្រឡាប់ម៉ូតូសណ្ដោងរ៉ឺម៉កប្រាកដមែន ។ ចំពោះករណីខាងលើនេះ គឺបណ្ដាលមកពីក្មេងប្រុសរងគ្រោះបើកបរមិនប្រយ័ត្ន បានជារេចង្កូតធ្លាក់ប្រឡាយស្លាប់យ៉ាងបែបនេះ ។ ចំណែកសាកសព បច្ចុប្បន្នត្រូវក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ