ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងប្រកាសអាសន្ននៅតំបន់ព្រំដែន បើទោះបី លោកបានយល់ព្រមទៅលើ មូលនិធិសម្រាប់សាងសង់ជញ្ជាំងក្តី ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បើទោះបីលោកយល់ព្រមទៅលើមូលនិធិ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ក្នុងគោលដៅបញ្ចៀសការបិទទ្វារ រដ្ឋាភិបាល នៅពេលនេះ ប្រធានាធិបតីដូណាល់ ត្រាំ នៅតែមានបំណងប្រកាសអាសន្នតាមបណ្តោយព្រំដែន ដើម្បីចំណាយប្រាក់ សាងសង់ជញ្ជាំង ។
ច្បាប់ប្រកាសអាសន្ន ទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា នាថ្ងៃទី១៤ ខែកុម្ភៈ ដោយទទួលបានសម្លេង គាំទ្រ ៨១ និងប្រឆាំង ១៦។ ច្បាប់ខាងលើនឹងត្រូវ បញ្ជូនទៅកាន់រដ្ឋសភា ដើម្បីអនុម័ត ជាបន្តទៀតមុនពេល បញ្ជូនទៅកាន់ប្រធានាធិបតី ចុះហត្ថលេខាជាច្បាប់ ។
ការសាងសង់ជញ្ជាំងព្រំដែនគឺជាការសន្យារបស់ប្រធានាធិបតីដូណាល់ ត្រាំ ចំពោះ ពលរដ្ឋ នៅក្នុងពេលឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦ ដោយលោកបានសន្យាថា នឹងសាងសងជញ្ជាំងព្រំដែន អាមេរិក មិចស៊ីកូ ។
ដូចអ្វីដែលធ្លាប់បានគំរាមនោះមែន លោកដូណាល់ ត្រាំ នឹងប្រកាសច្បាប់គ្រាអាសន្នរបស់ប្រទេសជាតិ ដើម្បីបានមូលនិធិសម្រាប់កសាងកំផែង ព្រំដែនដ៏ចម្រូងចម្រាស់នោះ ។ នេះបើតាមប្រភពព័ត៌មានពីសេតវិមាន និងតំណាងរាស្ត្រអាមេរិកបញ្ជាក់កាលពីថ្ងៃទី១៤ កុម្ភៈ ។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានថ្លែងថា លោកប្រធានាធិបតី ក៏នឹងប្រើប្រាស់អំណាចជានាយកប្រតិបត្តិ ដូចជាច្បាប់គ្រាអាសន្នរបស់ប្រទេសជាតិ ដើម្បីធានាបានថា យើងបញ្ឈប់រាល់វិបត្តិសន្តិសុខជាតិ និងបញ្ហាមនុស្សធម៌នៅតាមបន្ទាត់ព្រំដែន ។ សេតវិមាននឹងបញ្ជាក់លម្អិតប៉ុន្មាននាទីខាងមុខទៀតនេះ ។
លោកដូណាល់ ត្រាំ ថ្លែងថា គាត់នឹងចុះហត្ថលេខាលើច្បាប់ចំណាយប្រាក់នោះ មុនពេលវេលាផុតកំណត់មកដល់ ពាក់កណ្តាលយប់ថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) ។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi និងប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Leader Chuck Schumer បានហៅទង្វើរបស់លោកដូណាល់ ត្រាំ នោះថា វាមិនស្របច្បាប់ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា«ការប្រកាសអាសន្នជាតិ គឺជាទង្វើមិនស្របច្បាប់ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអំណាចរបស់ប្រធានាធិបតី» ។
សូមបញ្ជាក់ថា លោកដូណាល់ ត្រាំ បានទាមទារចាយលុយ៥,៧ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងព្រំដែនជាប់ជាមួយមិចស៊ីកូ ទប់ស្កាត់ការហូរចូលនៃជនភៀសខ្លួន ជាគោលនយោបាយដ៏សំខាន់ដែលបានសន្យាកាលអំឡុងឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ។ ប៉ុន្តែគម្រោងនេះគ្មានការយល់ព្រមពីសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យនោះឡើយ ៕