ព័ត៌មានទាន់ហេតុការណ៍៖

១៣សប្តាហ៍នៃបាតុកម្ម បារាំងបានចាប់ឃុំខ្លួនបាតុករជាង​៧៥០០នាក់ ដែលបង្កហិង្សា

ចែករំលែក៖

បាតុកម្មប្រឆាំងតម្លៃប្រេងឡើងថ្លៃ បានប្រែក្លាយទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលបារាំង អូសបន្លាយជាច្រើនសប្តាហ៍កន្លងមក ។ កាលពីចុងសប្តាហ៍កន្លងមក គឺជាបាតុកម្ម សប្តាហ៍ទី​១៣ ហើយ។ ជារៀងរាល់សប្តាហ៍នៃការធ្វើបាតុកម្មតែងតែមានអំពើហិង្សាកើតឡើង បង្ខំឲ្យកម្លាំងសន្តិសុខ​ ត្រូវប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករហិង្សាទាំងនោះ​។

បាតុកម្មហិង្សា​រយៈពេល ១៣សប្តាហ៍កន្លងមក មានបាតុករជាង​៨៤០០នាក់ត្រូវបានចាប់ខ្លួន ហើយពេលនេះនៅមានបាតុករជាង​៧៥០០នាក់នៅជាប់ឃុំនៅឡើយ។ ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃទី​១៤ខែកុម្ភៈ បានប្រកាសថា មនុស្ស៨,៤០០នាក់ត្រូវចាប់ខ្លួន ក្នុងនោះ៧,៥០០នាក់ ស្ថិតនៅមន្ទីរឃុំឃាំងនៅឡើយ រយៈពេលជាង៣ខែកន្លងមកនេះ ពាក់ព័ន្ធបាតុកម្មអាវកាក់លឿង ។

ចលនាអាវកាក់លឿង បានផ្តើមធ្វើបាតុកម្មកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេល៣ខែហើយ ប្រឆាំងរដ្ឋាភិបាល ដាក់ចេញគោលនយោបាយសេដ្ឋកិច្ច ដែលពួកគេចាត់ទុកថា គ្មានភាពយុត្តិធម៌ចំពោះការរស់នៅ និងបញ្ហាសេដ្ឋកិច្ចរបស់ពួកគេ ។ ក្រុមបាតុករអាវកាក់លឿងដែលបាតុកម្មតែថ្ងៃចុងសប្តាហ៍នោះ ទាមទារឲ្យលោក Emmanuel Macron ចុះចេញពីតំណែង ហើយបាតុកម្មពេលខ្លះ បង្កឲ្យមានហិង្សាកើតឡើង សម្លាប់មនុស្ស និងដុតកម្ទេចទ្រព្យសម្បត្តិសាធារណៈជាច្រើនពន់ពេក ។

ក្រុមបាតុកររាប់ពាន់នាក់ ដង្ហែក្បួននៅតាមទីប្រជុំជននានាក្នុងប្រទេសបារាំងនោះ ពេលខ្លះប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបបាតុកម្ម ពេលដែលរំលោភលើដែនកំណត់របស់សមត្ថកិច្ច ។ បាតុករគប់ដុំថ្ម ដបទឹកសុទ្ធ និងឧបករណ៍ដទៃទៀត ដែលអាចឲ្យរបួសស្នាមទៅលើកម្លាំងសមត្ថកិច្ច ខណៈដែលក្រុមប៉ូលិសវិញ តប់តដោយបាញ់ទឹក និងគ្រាប់បែកផ្សែង បង្ហូរទឹកភ្នែក និងគ្រាប់ជំពាមកៅស៊ូជាដើមបំបែកហ្វូងបាតុករ ។

លោក Christophe Castaner រដ្ឋមន្ត្រីមហាផ្ទៃបារាំង ថ្លែងកាលពីថ្ងៃទី១៤ កុម្ភៈថា កម្លាំងសន្តិសុខរដ្ឋាភិបាល១,៣០០នាក់បានរងរបួស ដោយសារតែបាតុកម្មរយៈកាលកន្លងមកនេះ ៕


ចែករំលែក៖