ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារអត្តឃាត ទៅលើរថយន្តក្រុង សម្លាប់ទាហានឥណ្ឌា ជាង​៤៤ នាក់

ចែករំលែក៖

ការវាយប្រហារបង្កឡើង ដោយក្រុមភេរវកម្ម មានទីតាំងនៅលើទឹកដីប៉ាគីស្ថាន​ ធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងឥណ្ឌា នឹងប៉ាគីស្ថាន កាន់តែតានតឹង ខ្លាំងឡើង នៅក្នុងតំបន់កាស្មៀរ​ ។ ការវាយប្រហារអត្តឃាតនាពេលនេះ បានសម្លាប់ ទាហានឥណ្ឌាដល់ទៅ​៤៤នាក់ ។

ការវាយប្រហារកើតឡើង​កាលពីថ្ងៃទី​១៤ ខែកុម្ភៈ ក្បួនរថយន្តរបស់កម្លាំងទាហានបម្រុង​ ឥណ្ឌាបានធ្វើដំណើរនៅលើដងផ្លូវ ក្នុងតំបន់កាស្មៀរ ក៏រងការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ នេះជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ។.

លោក​ Munir Ahmed Khand ស្នងការប៉ូលិស ក្នុងតំបន់បានប្រាប់សារព័ត៌មានថា ហេតុការណ៍វាយប្រហារខាងលើ កើតឡើង នៅទីក្រុង​ Srinagar ។កងកម្លាំងដែលស្លាប់នេះ សុទ្ធតែជាកងកម្លាំងបម្រុង ។ អ្នករងរបួស ត្រូវបានជម្លៀសពីកន្លែងកើតហេតុ ប៉ុន្តែមិនដឹងចំនួនប៉ុន្មានពិតប្រាកដ ។

ភេរវរម្នាក់វាយប្រហារអត្តឃាត បាន សម្រុកចូលរថយន្តក្រុង ដឹកកម្លាំងសន្តិសុខ បំផ្ទុះបណ្តាលឲ្យស្លាប់ដល់ទៅ​៤៤នាក់​។ ក្រុមភេរវកម្ម​អ៊ីស្លាម​ Jaish e Mohammad ដែលមានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថានជាអ្នកទទួលខុសត្រូវពីការវាយប្រហារខាងលើ ។ សកម្មភាពវាយប្រហារនោះធ្វើឲ្យទំនាក់ទំនង ឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹងថែមទៀត ។

អ្នកនាំពាក្យក្រុមជ្រុលនិយមអិស្លាម អះអាងថា «ការវាយប្រហារគ្រាប់បែកអត្តឃាតនោះ ធ្វើឡើងដោយ Aadil Ahmad ឬកងកុម្ម៉ង់ដូ Waqas ។

គ្រោងដែករថយន្ត បន្ទាប់ពីហេតុការណ៍ គឺនៅរាយប៉ាយពាសពេញផ្លូវ ។ នេះជាការវាយប្រហារសម្លាប់រង្គាលកងកម្លាំងទាហានឥណ្ឌា នៅកាស្មៀរ មិនធ្លាប់មានតាំងពីខែកញ្ញា ឆ្នាំ២០១៦មក ពេលដែលទាហាន១៩នាក់ស្លាប់ដោយការឆ្មក់វាយប្រហារនៅក្នុងជំរុំយោធា Uri នោះ។ ឥណ្ឌាដាក់ពង្រាយកម្លាំងប្រហែល៥០០,០០០នាក់នៅកាស្មៀរ បែងចែកខ័ណ្ឌសីមា ឥណ្ឌា និងប៉ាគីស្ថាន ហើយបង្កឲ្យផ្ទុះហិង្សា មិនឈប់ឈរ ក្រោយអង់គ្លេស ដកអាណានិគមន៍ឆ្នាំ១៩៤៧ ។

ក្រុមឧទ្ទាមបានវាយប្រហារដើម្បីបានឯករាជ្យនៅកាស្មៀរ ឬការច្របាច់បញ្ចូលជាមួយប៉ាគីស្ថាន តាំងឆ្នាំ១៩៨៩ មកម្ល៉េះ ។

ទីក្រុងញូវដេលីចោទប្រកាន់ប៉ាគីស្ថាន ជាអ្នកជួយទំនុកបម្រុងក្រុមឧទ្ទាម បង្កឲ្យមានហិង្សាស្លាប់ជនស៊ីវិលរាប់ពាន់នាក់រួចមកហើយ ។ ប៉ុន្តែទីក្រុង អិស្លាម៉ាបាដ ច្រានចោល ហើយនិយាយថា ខ្លួនគ្រាន់តែគាំទ្រតាមផ្លូវការទូត សិទ្ធិសម្រេចវាសនាដោយខ្លួនឯងនៅតំបន់កាស្មៀរតែប៉ុណ្ណោះ ៕


ចែករំលែក៖