ព័ត៌មានទាន់ហេតុការណ៍៖

​ជំនួបលើកទីពីរ គឺជាឱកាសសម្រាប់ប្រធានាធិបតី ដូណាល់ត្រាំ ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង

ចែករំលែក៖

ជំនួបលើកទីពីរ រវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន គឺជាឱកាសដ៏សំខាន់បំផុតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបង្កើតប្រវត្តិសាស្ត្រ ថ្មីសម្រាប់ខ្លួន គឺ ផ្សះផ្សា បង្កើតទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូចអ្វីដែលអតីតប្រធានាធិបតីប៊ីលគ្លីនតុនធ្លាប់បានធ្វើនៅវៀតណាម គឺបង្កើត ទំនាក់ទំនងការទូតជាមួយវៀតណាមនៅឆ្នាំ១៩៩៥ ។

អ្វីដែលលោកត្រាំធ្វើនៅក្នុងកិច្ចជំនួបលើកនេះ គឺព្យាយាមធ្វើឱ្យកូរ៉េខាងជើង បោះជំហានទៅរកការលុបបំបាត់អាវុធ នុយក្លេអ៊ែរខណៈអាទិភាពចម្បងរបស់លោក គីម គឺ ការទទួលបានជំនួយ រួចផុតពីការដាក់ទណ្ឌកម្មដើម្បីរំដោះសេដ្ឋកិច្ច ខ្លួន។ មានន័យថា ភាគីទាំងពីរមានបំណងចង់បានផលចំណេញរៀងៗខ្លួនពីកិច្ចជំនួបខាងលើនាពេលខាងមុខ។

ក្រុមអ្នកឯកទេស បានលើកឡើងថា កត្តាសំខាន់ៗ ដែលលោកត្រាំត្រូវសម្រេចឲ្យបាននាពេលនេះគឺ ៖

កត្តាទី១-លោកត្រាំនឹងស្នើឱ្យប្រទេសកូរ៉េខាងជើងផ្ដល់បញ្ជី និងព័ត៌មានជុំវិញអាវុធនុយក្លេអ៊ែរទាំងអស់ ។ កូរ៉េខាងជើង ទំនងជាមិនយល់ព្រមតាមសំណើនេះ ងាយៗនោះទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចចាត់ទុកថាជាយុទ្ធសាស្ត្រមួយដើម្បីកេងចំណេញនយោបាយ ។

បន្ទាប់ពីកិច្ចប្រជុំកំពូលចុងក្រោយ បំផុតលោក ត្រាំ បានប្រកាសថា កូរ៉េខាង ជើងលែងជាតួអង្គគំរាមកំហែងនុយក្លេអ៊ែរទៀតហើយ។ តែការណ៍ពិតទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅតែមានកាន់កាប់អាវុធ នុយក្លេអ៊ែរជាច្រើនមិនខុសពីមុនពេលកិច្ចប្រជុំនោះទេ ហើយនៅតែមិនទាន់បាន ផ្តល់នូវផែនទីបង្ហាញផ្លូវឬកាលបរិច្ឆេទច្បាស់លាស់ណាមួយ សម្រាប់ការលុបបំបាត់អាវុធទាំងនោះឡើយ។ មិនតែប៉ុណ្ណោះនាពេលថ្មីៗនេះសាកលវិទ្យាល័យ Stanford បាន ចេញផ្សាយលទ្ធផលស្រាវជ្រាវដែលបង្ហាញថា កូរ៉េខាងជើងនៅតែបន្តផលិតសារធាតុ Plutonium និង Uranium បន្ថែមទៀត។ រហូតមកទល់ពេលនេះប្រទេសកូរ៉េខាជើងនៅតែមិនទាន់បង្ហាញច្បាស់ថា តើខ្លួនមានសព្វាវុធប្រល័យលោកប៉ុន្មាន ព្រមទាំងមិនបានបង្ហាញព័ត៌មានជាក់លាក់នៃអាវុធទាំងនោះតើត្រូវរក្សាទុកនៅទីណានោះទេ។

កត្តាទី២-យល់ព្រមផ្តល់រង្វាន់លួងចិត្តដល់ប្រទេស កូរ៉េខាងជើង ដោយបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងជាដើម ហើយតាមរយៈការផ្អាកការធ្វើ សមយុទ្ធនេះ លោក ត្រាំ អាចជួយសន្សំ ប្រាក់ខ្លះព្រមទាំងអាចធ្វើឱ្យកូរ៉េខាងជើងសប្បាយចិត្តតាមរយៈបញ្ឈប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដែលជាសមយុទ្ធការពារកូរ៉េខាងត្បូងពីការវាយប្រហារពី សំណាក់កូរ៉េខាងជើង ។

ម្យ៉ាងទៀតនេះមិនមែនជារឿងថ្មីនោះទេ ក្នុងការផ្អាកការធ្វើសមយុទ្ធព្រោះកន្លងមកសមយុទ្ធប្រចាំឆ្នាំមួយចំនួន រវាងសហ រដ្ឋអាមេរិកជាមួយកងទ័ពប្រទេសកូរ៉េខាងត្បូង ធ្លាប់ត្រូវបានកាត់បន្ថយ ឬផ្អាករួចទៅហើយក្នុងរយៈពេលកន្លងទៅនេះ។កន្លង មកប្រទេសកូរ៉េខាងជើងរិះគន់និងព្រមានសងសឹកបើសិនកងទ័ពអាមេរិកឬកូរ៉េខាងត្បូង ចូលទៅកៀកព្រំដែនរបស់ខ្លួន។

ការផ្ដល់ការលើកទឹកចិត្តបែបនេះនឹងក្លាយជាកាយវិការសុច្ឆន្ទៈមួយ នឹងមិនធ្វើឱ្យអាមេរិកខុសពាក្យសន្យាការពារកូរ៉េខាងត្បូង ដោយហេតុថា អាមេរិកអាចរក្សាពាក្យសន្យារបស់ខ្លួនតាមរយៈបណ្ដាញមូលដ្ឋានទ័ពក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលឆ្វេងនិយមរបស់កូរ៉េខាងត្បូង នឹងពេញចិត្តនូវសំណូមពរក្នុងការបោះបង់សមយុទ្ធនេះ ខណៈដែលរដ្ឋបាលកូរ៉េខាងត្បូងបច្ចុប្បន្នចាត់ទុកថា ការធ្វើសមយុទ្ធយោធានេះជាបញ្ហាដ៏សំខាន់ដែលរារាំងដល់កិច្ចចរចាជាមួយកូរ៉េខាងជើង។ ហេតុនេះការសម្រេចចិត្តផ្អាកសមយុទ្ធយោធានេះធ្វើឱ្យកូរ៉េខាងជើងសប្បាយចិត្តកូរ៉េត្បូងក៏មិនអន់ចិត្តអាមេរិកក៏ចំណេញដែរ ដែលអាចចាត់ទុកបានថាជានយោ បាយ ឈ្នះ= ឈ្នះ=ឈ្នះ ។

កត្តាទី៣- បែងចែកឱ្យច្បាស់ថា កិច្ច ចរចានេះផ្តោតសំខាន់តែទៅលើ «ការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង» ការមិន មាន «វិបត្តិនៅឧបទ្វីបកូរ៉េ» នោះទេ

នៅក្នុងកិច្ចព្រមព្រៀងនៅសិង្ហបុរី បានចែងថាភាគីទាំងពីរនឹងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើ ឧបទ្វីបកូរ៉េទាំងមូលហើយក្នុងកិច្ចជំនួប កំពូលនេះ មិនបានបញ្ជាក់ច្បាស់ថាវា សំដៅលើអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។

សូមសង្កត់ធ្ងន់បន្តិចសម្រាប់កូរ៉េខាងជើងយល់ថា ទោះបីអាមេរិកមិនបានដាក់ពង្រាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េពិតមែន ប៉ុន្តែអាមេរិកអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារកូរ៉េខាងត្បូងក្នុងករណីចាំបាច់ណាមួយ។ ដូច្នេះតាមរយៈកិច្ចព្រមព្រៀងលើកមុន កូរ៉េខាងជើង បកស្រាយថា «ការ លុបបំបាត់អាវុធនុយក្លេអ៊ែរ» អាចកើតឡើងបានលុះត្រាតែគ្មានវត្តមានយោធានៅកូរ៉េខាងត្បូង ដែលផ្ទុយទាំងស្រុងពីការយល់ឃើញរបស់សហរដ្ឋអាមេរិក។

កត្តាទី៤- ស្នើបង្កើតគម្រោងការងារ ច្បាស់លាស់ និងកិច្ចពិភាក្សាជាបន្តទៅថ្ងៃខាងមុខ ជាការណ៍ពិតកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ ត្រូវបានលាតត្រដាងជាសាធារណៈដែលតែងតែទទួលបានការយកចិត្តទុកដាក់តាមដានខ្ពស់ពីមជ្ឈដ្ឋានទូទៅ ដោយឡែកបើនិយាយពីកិច្ចការដែលត្រូវអនុវត្តពិតប្រាកដបន្ទាប់ពីកិច្ចចរចា ត្រូវបានលាក់បាំងទៅវិញ។ មិនដឹងថា តើដើរដល់ចំណុចណាសម្រេចបានលទ្ធផលបែបណា តើនឹងមានកិច្ចជំនួបណាមួយ ដើម្បីពិនិត្យតាមដាននិងវាយតម្លៃដែរ ឬទេ។

លោក Stephen Biegun មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលចាត់ចែងរៀបចំកិច្ចចរចាជាមួយកូរ៉េខាងជើងថ្មីៗនេះបានធ្វើដំណើរទៅរដ្ឋធានីព្យុងយ៉ាងដើម្បីរៀបចំកិច្ចជំនួបនៅហាណូយបានលើកឡើងថា «កិច្ចខិតខំប្រឹងប្រែងបន្ថែម ទៀត» ជាកត្តាដ៏ចាំបាច់មុនពេលកិច្ចប្រជុំកំពូលកើតឡើង។ ការលើកឡើងបែបនេះ គ្រាន់តែជាភាសានិយាយបែបគួរសមដើម្បីស្រួលស្តាប់ប៉ុណ្ណោះតែការណ៍ពិតទៅគឺលោកចង់មានន័យថាភាគីទាំងពីរហាក់នៅឆ្ងាយ ពិបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀងរួមគ្នាណាស់ យើងហាក់ពិបាកក្នុងការរំពឹងថានឹងបានលទ្ធផលផ្លែផ្កាបន្តិច។ ដោយហេតុនេះ លោក ត្រាំគួរស្នើឱ្យបង្កើតគម្រោងច្បាស់លាស់ដើម្បីបន្តកិច្ចប្រជុំរវាងមន្ត្រីអ្នកការទូតនៃភាគីទាំងពីរជាការបន្តកិច្ចពិភាក្សាដែលអាចជំរុញសន្ទុះឆ្ពោះទៅរកការ បង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងឈានទៅដល់ការបើកស្ថានទូតនៅ ទឹកដីនៃភាគីទាំងសងខាង៕ សាធី


ចែករំលែក៖