ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អួន ហ៊ុំ ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេ​ងនៅតំបន់បឹងទន្លេសាប​ខេត្តពោធិ៍សាត់

ចែករំលែក៖

គេរាយការណ៍ថា សកម្មភាពនេសាទល្មើសច្បាប់ ជាពិសេស​អូសអួនហ៊ុំ បាននិងកំពុង​កើតមានយ៉ាងគគ្រឹកគគ្រេង​ទាំង​យប់​ទាំងថ្ងៃ​ដោយ​គ្មានសមត្ថកិច្ចណាអើពើ និងបង្ក្រាប​នោះឡើយ ។ ប្រភពបន្ថែមថា អួនហ៊ុំ បានធ្វើសកម្មភាពនៅស្រុកកណ្តៀង, ស្រុកបាកាន ក៏ដូចជាស្រុកក្រគរជាចំហរ រីឯអាជ្ញាធរមានសមត្ថកិច្ចមិនដែលខ្វល់​នឹងបង្ក្រាប​បទល្មើសនោះឡើយ ។ កាលពីសប្តាហ៍មុន អាជ្ញាធរ​មានសមត្ថកិច្ចដ៏ហមហាន​របស់ខេត្តពោធិ៍សាត់​បានចាប់បង្ក្រាប​អ្នកនេសាទល្មើសច្បាប់២១នាក់រួចហើយដោះលែងទៅវិញ បើទោះបីជា ជនទាំងនោះ​ត្រូវគេអះអាងថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ។

បទល្មើសអួនហ៊ុំគឺជាបទល្មើស​ទ្រង់ទ្រាយធំ ដោយប្រើទូក​ម៉ាស៊ីនអូសដោយកម្លាំងម៉ាស៊ីន និងអួនហ៊ុំខ្លះបង្កប់​ខ្សែភ្លើងឆក់ដល់បាតដី កំពុងធ្វើសកម្មភាព​ទាំងថ្ងៃ ទាំងយប់ ដោយមិនញញើត​ចំពោះសមត្ថកិច្ច​ដ៏ខ្លាំងក្លារបស់ខេត្តពោធិ៍សាត់នោះឡើយ ។ ការដែល​ពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះ​មិនខ្លាច​សមត្ថកិច្ច ក៏ព្រោះតែ​ពួកគេ​មានមេខ្យល់​ក្នុងការ​ចែករំលែក​ផលប្រយោជន៍ឲ្យជំនាញ និងសមត្ថកិច្ច​ចម្រុះនានា​នៅក្នុងខេត្តនេះ ។ មេខ្យល់ឈ្មោះ ហួន ធី ដែលមានទីលំនៅតំបន់កំពង់លួង ស្រុកក្រគរ ជាអ្នកដែលចេញ​មុខ​បង្ក្រាបបទល្មើស និងកសាងបទល្មើស ។ អ្នកដែលចង់ប្រព្រឹត្តល្មើស​ត្រូវទាក់ទង​លោកហួន ធី ហើយអ្នកដែលមិនទាក់ទង
មុខជាត្រូវប្រឈម​ការចាប់បង្ក្រាប​ដាក់គុកច្រវាក់គ្មានថ្ងៃចេញឡើយ ។

បទល្មើសអួនហ៊ុំ​ដែលកំពុងធ្វើសកម្មភាពជាចំហរ​ទាំងយប់ទាំងថ្ងៃនេះ ត្រូវគេអះអាងថា មានការ​ឃុបឃិត​ជាប្រព័ន្ធ ចាប់ពីមន្ត្រីជំនាញ ជលផល រហូតដល់កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត ។ មិនតែប៉ុណ្ណោះ ប្រភពខ្សឹបខ្សៀវថា អាជ្ញាធរខេត្តនេះ​ក៏បានផ្តេកផ្តួល​ក្នុងផល​ប្រយោជន៍ជាមួយពួកអ្នកប្រព្រឹត្តល្មើសទាំងនោះដែរ ។ រីឯជនណាដែលគេចាត់ទុកថា ជាឆ្អឹងទទឹងក មុខជាត្រូវចាប់បង្ក្រាបជាមិនខាន​ឡើយ បើទោះបីជាគ្មាន​ភស្តុតាងដាក់បន្ទុក​ឲ្យរឹងមាំក៏ដោយ ។ ប្រភពបានឲ្យដឹងបន្ថែមថា ពួកឈ្មួញកំពុងធ្វើសកម្មភាព​នេសាទល្មើសច្បាប់នៅក្នុងភូមិសាស្ត្រ​បឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ជាចំហរ​ទាំងយប់ទាំងថ្ងៃនេះ ដោយសារ​មានរចនាសម្ព័ន្ធត្រឹមត្រូវ ៕


ចែករំលែក៖