ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តសៀមរាប កំពុងត្រូវប៉ាន់

ចែករំលែក៖

ព្រោះតែអំពើពុករលួយហើយមិនចេះចែករំលែក​ឲ្យគេបានស៊ីផងនោះ ប្រធានពេទ្យសត្វ​ខេត្តសៀមរាប លោក ព្រុំ វិច ត្រូវបានមន្ត្រីក្រោម​ឱវាទ​ហែកកកាយ​រឿងពុករលួយ​ជាបន្តបន្ទាប់ ។ បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀម​រាប ខំយកចង្អេរទៅបាំងអំពើពុករលួយរបស់បុគ្គលព្រុំ វិច នោះដោយនឹកស្មានថា គ្មាននរណាមើលឃើញ ។ ប៉ុន្តែដឹងហើយ ចង្អេរ​មិនអាច​បាំងអំពើពុករលួយធំប៉ុនដំរីរបស់បុគ្គលព្រុំ វិច នោះបានឡើយ ។

ប្រភពបានឲ្យដឹងថា អំពើពុករលួយយូរឆ្នាំរបស់លោកព្រុំ វិច គឺគ្រាន់តែករណីនាំសត្វចូលដោយគ្មានការត្រួតពិនិត្យសុខភាពសត្វគឺជារឿង​មួយ ប៉ុន្តែការគាបសង្កត់ទៅលើក្រុមអាជីវករ​ដែលប្រកបរបរកាប់ជ្រូកយកសាច់លក់​នៅតាមទីផ្សារក្នុងក្រុងសៀមរាប និងតាមបណ្តា​ស្រុក​នានាផ្សេងទៀត គឺជារឿងដែលកំពុង​ធ្វើឲ្យ​អាជីវករក្តៅក្រហាយ ។គេរាយការណ៍ថា សម្រាប់ជ្រូកមួយក្បាល ត្រូវលោក ព្រុំ វិច បញ្ជាឲ្យកូនចៅទៅយកសាច់​មួយគីឡូក្រាម ដើម្បីយកទៅពិនិត្យរកមើល​ផ្សេងៗ ប៉ុន្តែ​ការពិនិត្យ​នោះ រាល់ថ្ងៃមិនដែលឃើញមានលទ្ធផលទេ ។ នៅក្នុងមួយថ្ងៃ យ៉ាងហោចណាស់​មានជ្រូក៣០០ក្បាល ត្រូវបានកាប់យកសាច់លក់ ។ មានន័យ​ថា លោកព្រុំ វិច អាចប្រមូលសាច់ជ្រូកបាន៣០០គីឡូក្រាម​យកទៅលក់ ។ នេះជាអំពើពុករលួយស្របច្បាប់ ។

ប្រភពបានបន្ថែមថា ក្នុងមួយថ្ងៃៗ លោកព្រុំ វិច ព្រមទាំងបក្ខពួក​ប្រមូលលុយបានរាប់លានរៀល​យកទៅចែកគ្នាធ្វើមានបាន ។ រីឯ​ប្រធានមន្ទីរកសិកម្ម លោក ទា គឹមសុទ្ធ បើទោះបីជា​ធ្លាប់ឮកូនចៅរអ៊ូរទាំបែបណាក៏ដោយ ក៏មិនដែលមានវិធានការ​ទៅលើលោកព្រុំ វិច នោះដែរ ជាងនេះទៅទៀត បើទោះបី​លោកព្រុំ វិច ដាក់ការគាបសង្កត់ទៅលើអាជីវករ​អ្នកកាប់ជ្រូក​យ៉ាងណាក៏ដោយ ក៏លោកនៅតែធ្វើមិនដឹងដែរ ។ យ៉ាងដូច្នេះ ទាំងអាជីវករ​រកស៊ីកាប់ជ្រូកនៅខេត្តសៀមរាប ក៏ដូចជាអ្នកនាំសត្វ​មកលក់នៅខេត្តសៀមរាប និងមន្ត្រីរាជការ ក្រោមឱវាទលោកព្រុំ វិច ទទូចឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម​ចាត់វិធានការ មើលលោកព្រុំ វិច ប្រធានការិយាល័យពេទ្យសត្វ​នៃមន្ទីរកសិកម្មខេត្ត​សៀមរាបផង ៕


ចែករំលែក៖