ស្ថាបនិកក្រុមហ៊ុន Huawei អរគុណអាមេរិក ដែលបានហាមប្រាមក្រុមហ៊ុន និងអំពាវនាវដល់បណ្តាប្រទេស ផ្សេងទៀត ឲ្យបោះបង់ ក្រុមហ៊ុននេះដែរ ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វី ពីការ «ក្កិចត្រួយកំពុងលាស់» ឬ «រុញទម្លាក់រណ្តៅមរណៈ» ។ ប៉ុន្តែអាមេរិកមិននឹកស្មានដល់ថា ការ «ក្តិចត្រួយ» ជួយឲ្យបែកមែក ចេញផ្លែផ្កា កាន់តែច្រើន ។ សកម្មភាពរបស់អាមេរិក ទៅលើក្រុមហ៊ុន Huawei មិនខុសអ្វីពីការ រុញក្រុមហ៊ុននេះឲ្យ ធ្លាក់ចូលក្នុងរណ្តៅ មានពេជ្រ នោះឡើយ
ស្ថាបនិក Huawei លោក Ren Zhengfei បានលើកឡើងថា សកម្មភាពរបស់អាមេរិក មកលើក្រុមហ៊ុន Huawei មិនខុសអ្វីពី ការជួយឃោសនា ឲ្យសេវាកម្ម 5G របស់ក្រុមហ៊ុន ល្បីល្បាញ់នៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ បានជួយដល់ក្រុមហ៊ុនទទួលបាន កិច្ចព្រមព្រៀង ជាច្រើនជាមួយបណ្តាប្រទេសផ្សេងទៀត ។
កាលពីមុន 5G មិនសូវមានការចាប់អារម្មណ៍នោះឡើយ ប៉ុន្តែពេលនេះ 5G កំពុងតែមានឥទ្ធិពល គ្របដណ្តប់នៅទូទាំងពិភពលោក ។ អគ្គនាយក Ren Zhengfei បានលើកឡើងថា « ខ្ញុំពិតជាអរគុណដល់អាមេរិក ដែលបានជួយឲ្យយើងខ្ញុំកាន់តែល្បី នៅលើពិភពលោក »។
បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុងតែពិភាក្សា ចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង់ 5G ដល់ជិត៣០ប្រទេស ។ ជាមួយគ្នានេះ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជាប្រទេស តំបន់អឺរ៉ុប ក៏បានចាប់អារម្មណ៍នឹងបណ្តាញ 5G ផងដែរ ។
អគ្គនាយក Ren Zhengfei បានបង្ហាញការជឿជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នឹងកើនឡើងដល់ ១២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ ដោយកាលពីឆ្នាំ២០១៨ មានតែ១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំចង់ឲ្យទឹកដីអាមេរិក ទទួលបានជ័យជំនៈ ដោយការប្រកួតប្រជែងផ្ទាល់ មិនមែនទៅរារាំងបច្ចេកវិទ្យា ដែលមានការរីកចំរើនខ្ពស់ជាងនោះឡើយ »។
ពេលថ្មីៗ លោក ត្រាំបាន បញ្ចេញនូវសញ្ញា កាត់បន្ថយភាពតានតឹង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ ចិន Huawei ដោយលោកបានបញ្ចេញសារនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកប្រឆាំងនឹង ការទប់ស្កាត់ បច្ចេកវិទ្យា ក្នុងវិស័យទូរគមនាគមន៍ ទាំងនោះមិនមែនជាការប្រកួតប្រជែងនោះឡើយ។
សារព័ត៌មាន Nikkei បានផ្សាយថា ប្រធានាធិបតី ដូណាលត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ដែលមានខ្លឹមសារថា«បច្ចេកវិទ្យា ទាំងនោះ(5Gរបស់ចិន)ខ្លាំងជាង លឿងជាង ឆ្លាតវៃជាង បើប្រៀបធៀបនឹង សេវាបច្ចុប្បន្ន ។ លោកត្រាំបញ្ជាក់ថាលោក ចង់បាន 5G ឬក៏ 6G កាន់តែឆាប់កាន់តែល្អ ។ជាមួយគ្នានេះ លោកអំពាវនាវដល់បណ្តាក្រុមហ៊ុនអាមេរិកខិតខំ ឆ្ពោះទៅមុខដោយ បញ្ចប់ អ្វីដែលហួសសម័យ»។
លោកត្រាំបានបញ្ជាក់ទៀតថា លោកចង់ឲ្យអាមេរិក យកឈ្នះដោយការប្រកួតប្រជែង មិនមែន យកឈ្នះដោយប្រើ វិធីសាស្ត្រអាក្រក់ទប់ស្កាត់ ការរីកចំរើន របស់ អ្នកដទៃដើម្បីថាខ្លួនឯខ្លាំងឡើយ៕