ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អន្តរជាតិ អំពាវនាវ មហាអំណាចបរមាណូ ទាំងពីរ ឥណ្ឌា-ប៉ាគីស្ថាន រក្សាការអត់ធ្មត់

ចែករំលែក៖

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Stephane Dujarric ​បានលើកឡើងថា អង្គការសហប្រជាជាតិ​កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលនៅតំបន់ព្រំដែនប៉ាគីស្ថាន-ឥណ្ឌា​។

ប្រទេសជាច្រើន ដូចជា អង់គ្លេស រុស្ស៊ី អាមេរិក អ៊ីរ៉ង់ ទួរគី ចិន បានអំពាវនាវដល់ឥណ្ឌា-ប៉ាគីស្ថាន ដោះស្រាយបញ្ហាតាមរយៈកិច្ចការបរទេស​។ សហគមន៍អឺរ៉ុប ក៏បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងញូវដេលី​និងរដ្ឋាភិបាលទីក្រុង អិស្លាម៉ាបាត រក្សាការអត់ធ្មត់ បញ្ចៀស ការប្រឈមមុខតានតឹងខ្លាំងឡើង ក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ លើសពីសមត្ថភាពគ្រប់គ្រង​។

ជាមួយគ្នានេះ ប្រទេស ណេប៉ាល់​ ដែលជាប្រទេសជិតខាង​ឥណ្ឌា​ ក៏បានអំពាវនាវដល់ មហាអំណាចបរមាណូទាំងពីរនៅតំបន់អាស៊ីភាគខាងត្បូង កាត់បន្ថយភាពតានតឹង​ និងស្វែងរកដំណោះស្រាយដោយសន្តិភាព ។

ការអំពាវនាវខាងលើកើតឡើង ក្រោយពេលកម្លាំងទាហានប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង នៅលើដែនអាកាស ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀ​រ កាលពីថ្ងៃទី​២៧ ខែកុម្ភៈ និងចាប់ខ្លួន​អាកាសយានិកម្នាក់ ។ ភ្លាមៗនោះ ទាហានការពារដែនអាកាសឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង ​ F-16 ​មួយគ្រឿង របស់ទាហានអាកាសប៉ាគីស្ថាន ស្ថិតនៅតំបន់​ Rajouri ។

ក្រសួងការបរទេសឥណ្ឌាកាលពីរសៀលថ្ងៃទី​២៧ ខែកុម្ភៈ បាន កោះហៅមន្ត្រីស្ថានទូត ប៉ាគីស្ថាន ដើម្បីប្រឆាំងទៅនឹងសកម្មភាព​វាយប្រហាររបស់រដ្ឋាភិបាលទីក្រុងអិស្លាមម៉ាបាត​ ។ ឥណ្ឌា បានចោទប្រកាន់ កម្លាំងទាហានអាកាសប៉ាគីស្ថាន បាន​ចូលក្នុងទឹកដី ឥណ្ឌា​ ហើយទាហានប៉ាគីស្ថាន វាយប្រហារទៅលើទីតាំង ត្រួតពិនិត្យរបស់ឥណ្ឌានៅតាមព្រំដែន ផងដែរ​។ ក្រសួងការបរទេសឥណ្ឌាបង្ហាញក្តីសង្ឃឹមថា ប៉ាគីស្ថាន និង មានសកម្មភាព បញ្ចប់ការលាក់ខ្លួនរបស់ក្រុមភេរវកម្មនៅលើទឹកដីរបស់ខ្លួន ដោយក្រុមភេរវកម្មនោះតែងតែទៅវាយប្រហារនៅក្នុងប្រទេសជិតខាង​។

ទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងឥណ្ឌាកាន់តែតានតឹង ខ្លាំងឡើង ក្រោយពេល មានការវាយប្រហារ​សម្លាប់ទាហានឥណ្ឌា​៤០នាក់ នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា នៅថ្ងៃទី​១៤ ខែកុម្ភៈ ។ ភាពតានតឹងកាន់តែកើនឡើងក្រោយពេលឥណ្ឌា បានបើកការវាយប្រហារទៅលើទីតាំង ហ្វឹកហ្វឺនរបស់ក្រុមភេរវកម្ម​ Jaish e Mohammad ​ស្ថិតនៅតំបន់កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន ។

សូមបញ្ជាក់ថា តំបន់កាស្មៀរ ត្រូវបែកចែកជាពីរ ម្ខាងគ្រប់គ្រងដោយ ឥណ្ឌា និងម្ខាងទៀត ដោយប៉ាគីស្ថាន​ តាមបណ្តោយព្រំដែល​(LoC)។ ចំពោះការប្រឈមមុខតានតឹង ខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសទាំងពីររក្សាការអត់ធ្មត់​ បញ្ចៀសស្ថានភាពកាន់តែអាក្រក់ជាងនេះ ​លើសពីសមត្ថភាពគ្រប់គ្រង ៕


ចែករំលែក៖