អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា អង្គការសហប្រជាជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលនៅតំបន់ព្រំដែនប៉ាគីស្ថាន-ឥណ្ឌា។
ប្រទេសជាច្រើន ដូចជា អង់គ្លេស រុស្ស៊ី អាមេរិក អ៊ីរ៉ង់ ទួរគី ចិន បានអំពាវនាវដល់ឥណ្ឌា-ប៉ាគីស្ថាន ដោះស្រាយបញ្ហាតាមរយៈកិច្ចការបរទេស។ សហគមន៍អឺរ៉ុប ក៏បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងញូវដេលីនិងរដ្ឋាភិបាលទីក្រុង អិស្លាម៉ាបាត រក្សាការអត់ធ្មត់ បញ្ចៀស ការប្រឈមមុខតានតឹងខ្លាំងឡើង ក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ លើសពីសមត្ថភាពគ្រប់គ្រង។
ជាមួយគ្នានេះ ប្រទេស ណេប៉ាល់ ដែលជាប្រទេសជិតខាងឥណ្ឌា ក៏បានអំពាវនាវដល់ មហាអំណាចបរមាណូទាំងពីរនៅតំបន់អាស៊ីភាគខាងត្បូង កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិភាព ។
ការអំពាវនាវខាងលើកើតឡើង ក្រោយពេលកម្លាំងទាហានប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាពីរគ្រឿង នៅលើដែនអាកាស ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងចាប់ខ្លួនអាកាសយានិកម្នាក់ ។ ភ្លាមៗនោះ ទាហានការពារដែនអាកាសឥណ្ឌាក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 មួយគ្រឿង របស់ទាហានអាកាសប៉ាគីស្ថាន ស្ថិតនៅតំបន់ Rajouri ។
ក្រសួងការបរទេសឥណ្ឌាកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ បាន កោះហៅមន្ត្រីស្ថានទូត ប៉ាគីស្ថាន ដើម្បីប្រឆាំងទៅនឹងសកម្មភាពវាយប្រហាររបស់រដ្ឋាភិបាលទីក្រុងអិស្លាមម៉ាបាត ។ ឥណ្ឌា បានចោទប្រកាន់ កម្លាំងទាហានអាកាសប៉ាគីស្ថាន បានចូលក្នុងទឹកដី ឥណ្ឌា ហើយទាហានប៉ាគីស្ថាន វាយប្រហារទៅលើទីតាំង ត្រួតពិនិត្យរបស់ឥណ្ឌានៅតាមព្រំដែន ផងដែរ។ ក្រសួងការបរទេសឥណ្ឌាបង្ហាញក្តីសង្ឃឹមថា ប៉ាគីស្ថាន និង មានសកម្មភាព បញ្ចប់ការលាក់ខ្លួនរបស់ក្រុមភេរវកម្មនៅលើទឹកដីរបស់ខ្លួន ដោយក្រុមភេរវកម្មនោះតែងតែទៅវាយប្រហារនៅក្នុងប្រទេសជិតខាង។
ទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងឥណ្ឌាកាន់តែតានតឹង ខ្លាំងឡើង ក្រោយពេល មានការវាយប្រហារសម្លាប់ទាហានឥណ្ឌា៤០នាក់ នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា នៅថ្ងៃទី១៤ ខែកុម្ភៈ ។ ភាពតានតឹងកាន់តែកើនឡើងក្រោយពេលឥណ្ឌា បានបើកការវាយប្រហារទៅលើទីតាំង ហ្វឹកហ្វឺនរបស់ក្រុមភេរវកម្ម Jaish e Mohammad ស្ថិតនៅតំបន់កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន ។
សូមបញ្ជាក់ថា តំបន់កាស្មៀរ ត្រូវបែកចែកជាពីរ ម្ខាងគ្រប់គ្រងដោយ ឥណ្ឌា និងម្ខាងទៀត ដោយប៉ាគីស្ថាន តាមបណ្តោយព្រំដែល(LoC)។ ចំពោះការប្រឈមមុខតានតឹង ខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសទាំងពីររក្សាការអត់ធ្មត់ បញ្ចៀសស្ថានភាពកាន់តែអាក្រក់ជាងនេះ លើសពីសមត្ថភាពគ្រប់គ្រង ៕