ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ពេជ្របុរាណខ្មែរ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ នារីរងគ្រោះចំនួន៤នាក់ និងភេទទី៣ម្នាក់មើលកូនម្ចាស់ទីតាំង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងប្ដីមានឈ្មោះ ផាន ផេង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ និងប្រពន្ធ ឈ្មោះ អុល សុខុន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ ពេជ្របុរាណខ្មែរ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៨ ព្រឹករហូតដល់យប់ជ្រៅរំលងអធ្រាត្រ ដោយមាននារីក្មេងចាស់ចំនួន៤នាក់រង់ចាំភ្ញៀវ មកម៉ាស្សាធម្មតា តម្លៃ៣ដុល្លារ រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ២០ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៤នាក់(អនីតិជនម្នាក់) ម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ និងភេទទី៣ម្នាក់មើលកូនម្ចាស់ទីតាំង បាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ។
សូមបញ្ជាក់ផងដែរ ក្រោយបញ្ជប់ការសាកសួរ ម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី ។ ជនភេទទី៣ ដែលមិនមានការពាក់ព័ន្ធត្រូវនគរបាលជំនាញធ្វើកិច្ចសន្យាឲ្យទៅផ្ទះវិញ ចំណែកនារីរងគ្រោះទាំង៤នាក់នោះត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស រស្មី