កិច្ចប្រជុំកំពូល២ថ្ងៃ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ បានបញ្ចប់ទៅវិញ មុនពេលកំណត់ ហើយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះឡើយ ។ លោកដូណាល់ ត្រាំ បានដើរចេញពីជំនួបកំពូលនេះ នៅពេលដែលមិនអាចធ្វើតាមការទាមទារ ចង់បានរបស់មេដឹកនាំកូរ៉េខាងជើង ។ ដោយឡែក មេដឹកនាំកូរ៉េខាងត្បូងវិញ បន្ទាប់ពីកិច្ចប្រជុំនេះ បរាជ័យ បានបញ្ជាក់ថា គឺជារឿង«អកុសល» ។ ប៉ុន្តែទោះបីយ៉ាងណា កូរ៉េខាងត្បូង លើកឡើងថា ការរីកចម្រើនខ្លះៗ បានកើតមានផងដែរ ។
លោកដូណាល់ ត្រាំ បានថ្លែងប្រាប់រ៉យទ័រ នៅហាណូយថា កិច្ចប្រជុំកំពូលរបស់គាត់បរាជ័យ បន្ទាប់ពីកូរ៉េខាងជើង ទាមទារឲ្យលុបទណ្ឌកម្មទាំងអស់ ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរដោយជំហានៗ ។ លោក ត្រាំ បានសម្រេចដើរចេញពីកិច្ចប្រជុំនោះ រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកតែម្តង ។
វិមានពណ៌ខៀវ នៃប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានសម្តែងការសោកស្តាយចំពោះកិច្ចប្រជុំមិនទទួលបានជោគជ័យតាមការរំពឹងទុកនេះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការរីកចម្រើនមួយចំនួនក៏បានសម្រេចឡើងផងដែរ ៕