កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រសួងការបរទេសអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារអាមេរិក ដល់បុគ្គលណាមួយ ដែលបានផ្តល់ដំណឹងឈានដល់ការចាប់ខ្លួនកូនប្រុស មេភេរវកម្ម អាលកៃដា គឺ លោក Hamza Bin Laden ។
សារព័ត៌មាន Sputnik នៅថ្ងៃទី១ ខែមីនា បានបានដកស្រង់ ការប្រកាសរបស់ក្រសួងការបរទេសអាមេរិកថា កូនប្រុស អូស្មាប៊ិនឡាឌិន គឺ Hamza Bin Laden កំពុងតែ ល្បីល្បាញ ក្នុងនាមជាមេដឹកនាំថ្មីសម្រាប់ក្រុមភេរវកម្ម អាលកៃដា ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា Hamza គឺជាមេដឹកនាំម្នាក់របស់ក្រុមអាល់កៃដា ហើយចាប់តាំងពីខែសីហា ឆ្នាំ២០១៥មក គាត់បានបញ្ចេញខ្សែអាត់សម្លេង និងសារវីដេអូជាច្រើននៅលើបណ្ដាញអ៊ីនធឺណែតដោយអំពាវនាវឱ្យអ្នកស្មោះស័្មគ្ររបស់ខ្លួនបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសលោកខាងលិច។
គួររំលឹកថា អតីតមេដឹកនាំអាល់កៃដា Osama bin Laden ត្រូវបានកងកម្ម៉ង់ដូរពិសេសអាមេរិកបាញ់សម្លាប់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ ក្នុងប្រទេសប៉ាគីស្ថាន ហើយសាកសពរបស់គាត់ត្រូវគេយកទៅបោះចោលនៅក្នុងសមុទ្រ។ រីឯ Hamza bin Laden ក៏បានចេញសារព្រមានផងដែរថានឹងតាមសងសឹកសហរដ្ឋអាមេរិកឱ្យឪពុករបស់លោកវិញ៕