យន្តហោះចម្បាំងមួយគ្រឿង របស់កម្លាំងទាហាន ចិន បានធ្លាក់ បណ្តាលឲ្យស្លាប់អាកាសយានិក២នាក់ ។
មន្ត្រីចិនបញ្ជាក់ថា យន្តហោះចម្បាំងនេះបានធ្លាក់អំឡុងពេលហ្វឹកហាត់ ស្ថិតនៅភាគខាងត្បូង ខេត្ត Hainan ។
គេហទំព័ររបស់កងទ័ពរំដោះប្រជាជនចិន PLA Daily បានផ្សាយថា ការធ្លាក់យន្តហោះចម្បាំងមួយគ្រឿងនេះ កើតឡើងនៅថ្ងៃអង្គារ ទី១២ ខែមីនា ស្ថិតនៅភាគនិរតី តំបន់ Ledong ។ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ព័ត៌មានលម្អិតមិនត្រូវបានបញ្ជាក់ជាសាធារណៈនោះទេ ។ អ្នកនៅលើដី មិនមានគ្រោះថ្នាក់អ្វីឡើយ ។
ស្ថិតនៅទីតាំងសមុទ្រចិនខាងត្បូងនោះ ខេត្ត Hainan ចិនបានបោះទីតាំងយោធាជាច្រើនកន្លែង ដើម្បីពង្រឹងដល់សមត្ថភាពកងទ័ពក្នុងគ្រាមានអាសន្នណាមួយកើតឡើង ខណៈដែលចិនកំពុងតែច្បាមគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងដ៏ធំទូលាយ។ ការកាន់កាប់សមុទ្រចិនខាងត្បូងរបស់ចិននេះ កំពុងមានការតវ៉ាប្រឆាំងជំទាស់ផងដែរពីរដ្ឋាភិបាលប្រទេសក្នុងតំបន់ ៕