ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាប្រជាការពារភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង និងមានមុខរបរ ជាអ្នកឡើងត្នោត ត្រូវបានក្មេងឃ្វាគោប្រទះឃើញស្លាប់នៅក្រោមដើមត្នោតកាលពីវេលាម៉ោង២ និង២៨នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដើមត្នោតមួយដើមដែលនៅខាងកើតសាលាបឋមសិក្សាវត្តភ្នំ ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
បុរសរងគ្រោះមានឈ្មោះ សេក សាវ៉ាត ហៅ(ឆក) អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ មុខរបរធ្វើស្រែចំការ និង ឡើងត្នោតជាប្រចាំ ដើម្បីបន្ថែមមុខរបរលើជីវភាព ។
នៅថ្ងៃកើតហេតុក្រោយបាយថ្ងៃត្រង់រួចបុរសរងគ្រោះបានចេញទៅឡើងត្នោតដូចរាល់ថ្ងៃ តែមិនដឹងជាយ៉ាងមិចទើបបុរសរងគ្រោះធ្លាក់ពីលើដើមត្នោត បណ្តាលឲ្យស្លាប់តែម្នាក់ឯងដោយគ្មានអ្នកដឹង ។ រហូតដល់ម៉ោង២ និង២៨នាទីថ្ងៃដដែ លមានក្មេងឃ្វាគោ ទៅឃ្វាគោនៅម្តុំនោះ ក៏បានឃើញបុរសរងគ្រោះដេកស្លាប់នៅក្រោមដើមត្នោត មិនដឹងថា ស្លាប់តាំងពីពេលណាមកនោះទេ ។ សពត្រូវក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន ។
គួរបញ្ជាក់ថា បុរសរងគ្រោះ មានប្រពន្ធ និងកូន មានជីវភាព ខ្វះខាតរកមួយព្រឹកសម្រាប់តែមួយព្រឹកប៉ុណ្ណោះ នៅពេលនេះបានស្លាប់ចោលប្រពន្ធ និងកូន មិនដឹងរំពឹងអ្វីទៀត មានតែសប្បុរសជន ដែលអាចជួយបណ្តោះទាល់ដល់គ្រួសារគាត់តែប៉ុណ្ណោះ ៕ ចន្ថា