ព័ត៌មានទាន់ហេតុការណ៍៖

កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិដំបូងគេនៅខេត្តមណ្ឌលគិរី កំពុងត្រៀមចែកចាយកូនជ្រូកដល់ប្រជាសហគមន៍

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក វុធ សារុំ នាយកដែនជម្រកការពារសត្វព្រៃណាំលៀរបានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិ ឬជ្រូកកណ្តុរលើកដំបូងនៅខេត្តមណ្ឌលគិរី បានដាក់ជ្រូកពូជសាកល្បងចំនួន៥៤ក្បាល កាលពីដើមខែសីហា ២០១៨ ហើយបច្ចុប្បន្នមានមេជ្រូកចំនួន៧ក្បាលកំពុងមានកូន ក្នុងចំណោមមេជ្រូកចំនួន២៥ក្បាលនៅតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅស្រុកពេជ្រាដា ដោយត្រៀមនឹងធ្វើការចែកពូជជូនប្រជាសហគមន៍យកទៅចិញ្ចឹមក្នុងពេលឆាប់ៗនេះ។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀបានឲ្យដឹងថា បច្ចុប្បន្នក្រោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីបង្កាត់ពូជសត្វជ្រូកចិញ្ចឹមបែបធម្មជាតិ ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលត្រូវការយកទៅចិញ្ចឹមលក់ជៀសវាងជ្រូកដែលចិញ្ចឹមដោយចំណី ធ្វើឲ្យប៉ះពាល់ដល់សុខភាព។ មន្ត្រីនៅដែនជម្រកការពារសត្វព្រៃភ្នំណាមលៀរ បានដំណើរការសាកល្បងកសិដ្ឋានចិញ្ចឹមជ្រូកធម្មជាតិមួយកន្លែង ដោយមានការថែទាំពីមន្រ្តីឧទ្យានុរក្សដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលមានការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន។

នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀបន្តថា ក្រៅពីការចិញ្ចឹមសាកល្បងពូជជ្រូកធម្មជាតិ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាលទ្ធភាពផ្តល់ពូជមាន់ស្រុក ក្នុងពេលឆាប់ៗខាងមុខនេះ ដល់សហគមន៍តំបន់ការពារធម្មជាតិណាមលៀរ ដើម្បីលើកស្ទួយកម្រិតជីវភាពសហគមន៍ ក៍ដូចជាជួយលើកស្ទួយកម្រិតជីវភាពមន្ត្រី នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរផងដែរ។

មន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញាចូលរួមអនុវត្តន៍គម្រោងនេះឲ្យបានជោគជ័យ សំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាសហគមន៍រស់នៅក្នុងតំបន់នោះផងដែរ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានប្រសាសន៏ថា មន្ទីរបានឯកភាព និងគោលការណ៏របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយមន្ទីរមានផែនការពង្រីកការចិញ្ចឹមជ្រូកសម្រាប់ដែនជម្រកសត្វព្រៃទាំងប្រាំក្នុងខេត្ត និងសហគមន៏។ លោកថា ការបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនេះ នឹងជួយដល់ជីវភាព របស់ប្រជាសហគមន៏និងមន្ត្រីឧទ្យានុរក្សបានយ៉ាងប្រសើរ ហើយក៏បម្រើឲ្យវិស័យទេសចរណ៏ផងដែរ ដោយសារបច្ចុប្បន្ននេះទីផ្សារជ្រូកជនជាតិ មានតម្រូវការ នឹងតម្លៃខ្ពស់នាពេលបច្ចុប្បន្ន៕ ហេង សូរិយា


ចែករំលែក៖