ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿន ឈប់មិនទាន់បុកពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងនារីម្នាក់ទទួលរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា លុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្ដមួយគ្រឿងទៀត បើកដោយល្បឿនលឿនមកពីក្រោយ ឈប់មិនទាន់បានបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៦.២៧ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ មុយ ចយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-5001 និងមានអ្នករូមដំណើរម្នាក់ ពុំទាន់ស្គាល់អត្ដសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ (រងរបួសធ្ងន់) ។ ចំណែកឯរថយន្ដម៉ាកហ្វុយហ្ស៊ោ (FUSU) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3E-4751 បើកបរដោយឈ្មោះ ប៊ូ ម៉ារឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ បានបើកឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានបើកម៉ូតូបត់ឆ្វេងឆ្លងផ្លូវ ដោយពុំមើលក្រោយនោះទេ ខណះនោះក៏ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហ្វូហ្ស៊ោ បើកស្របទិសគ្នា ដោយល្បឿនលឿន ក៏ឈប់មិនទាន់ ជាន់ហ្វ្រាំងមិនជាប់ បានបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួល ឃ្ទាងចូលក្រោមកង់រថយន្ដ ត្រូវរថយន្ដកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯនារីម្នាក់ទៀតជាអ្នករួមដំណើរលើម៉ូតូទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្ដ និងរថយន្ដ ត្រូវសមត្ថកិច្ចចរាចរណ៍ស្រុក ចុះមកអន្ដរាគមន៍ ឃាត់ខ្លួន និងវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ រួចកសាងឯកសារបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។ ចំណែករថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានជាមានគ្រោះថ្នាក់កើតឡើង ៕ ស្អាងជ័យ

 


ចែករំលែក៖