ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃកោះប្រជុំសភាលើកដំបូង ក្រោយការបោះឆ្នោត ដើម្បីជ្រើសរើសប្រធាន រដ្ឋសភា ព្រឹទ្ធសភា និងនយករដ្ឋមន្ត្រី

ចែករំលែក៖

ព្រះមហាក្សត្រថ្មីថៃ Maha Vajiralongkorn នឹងយាង ជាព្រះរាជអធិបតី នៅក្នុងពិធីបើកសម័យប្រជុំ ពេញអង្គ របស់សភាជាលើកដំបូងនៅថ្ងៃទី​២២ ខែឧសភា ខាងមុខនេះ​ ដើម្បី បោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រី​ថ្មី ពីសំណាក់ សមាជិកព្រឹទ្ធសភា ​និងរដ្ឋសភា​។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះរាជក្រឹត្យមួយរបស់ព្រះមហាក្សត្រថៃ បានបញ្ជាក់ថា សម័យប្រជុំសភាប្រទេសថៃលើកដំបូង ចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។ ព្រះមហាក្សត្រថៃ នឹងយាងទៅកាន់រដ្ឋសភានៅថ្ងៃទី២៤ ខែឧសភា ដើម្បីជាព្រះរាជអធិបតីបើកសម័យប្រជុំលើកដំបូង ។

ក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីពិធីបើកសម័យប្រជុំសភាដំបូងនេះ, សមាជិករដ្ឋសភាទាំងអស់ទំនងជ្រើសរើសប្រធានរដ្ឋសភាមួយរូប, អនុប្រធានរដ្ឋសភា២រូប ។ ដោយឡែក សមាជិកព្រឹទ្ធសភា ជ្រើសរើសប្រធានព្រឹទ្ធសភាមួយរូប និងអនុប្រធានព្រឹទ្ធសភា២រូប ។ ឈ្មោះរបស់ពួកគាត់ នឹងថ្វាយទៅព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខាយល់ព្រម ។

ក្នុងសប្តាហ៍ចុងក្រោយ នៃខែឧសភា ឆ្នាំ២០១៩នេះ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាថៃ នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោមច្បាប់សំឡេងភាគច្រើននោះហើយ ។ លោកប្រយុទ្ធ ចាន់អូចា ទំនងជាក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃបន្តទៀត ក្រោយពេលមានគណបក្សនយោបាយថៃ ចំនួន១១គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ឲ្យក្លាយជានាយករដ្ឋមន្ត្រី ។

គួររំលឹកថា ថ្មីៗនេះ គណបក្សនយោបាយក្នុងប្រទេសថៃ ចំនួន១១គណបក្ស បានប្រកាស ថា ពួកគេនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា ឲ្យក្លាយជានាយករដ្ឋមន្ត្រីថៃ សារជាថ្មី សម្រាប់ដឹកនាំប្រទេសថៃបន្តទៀត។

គណបក្សនយោបាយទាំង១១នេះ បានឈ្នះកៅអី នៅក្នុងរដ្ឋសភា តែមួយអាសនៈប៉ុណ្ណោះ ក្នុងមួយគណបក្សៗ ហើយក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតសកល នាពេលកន្លងមក។

គណបក្សនយោបាយទាំង១១នោះ បានប្រកាសថា ពួកគេគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្ស Palang Pracharath ដែលឈ្នះកៅអី នៅក្នុងរដ្ឋសភា ចំនួន១១៥អាសនៈ ដើម្បីឲ្យលោកដឹកនាំរដ្ឋាភិបាលចម្រុះថ្មីនេះ ហើយពួកគេនឹងចូលរួមជាមួយរដ្ឋាភិបាលចម្រុះរបស់លោក ប្រាយុទ្ធ ចាន់អូចា។

សមាជិកសភាជាន់ទាប សរុប៥០០នាក់ (កើតចេញដោយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ) រួមនឹងសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ (សមាជិកព្រឹទ្ធសភាដោយស្វ័យប្រវត្តិ តាមការជ្រើសរើសពី ក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ដឹកនាំដោយលោក ប្រាយុទ្ធ) នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសថៃ នៅពេលដ៏ឆាប់ៗខាងមុខនេះ៕


ចែករំលែក៖