ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ទឹងអំពុស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់កន្រ្តាក់ ផ្គរ រន្ទះបាញ់យ៉ាងសាហាវ បណ្ដាលឲ្យមានមនុស្សចំនួន ២នាក់បានបាត់បង់ជីវិត និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសស្រាល ធ្ងន់ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ប្រាប់ថា ជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់ ស្រាលទាំងចំនួន៥នាក់ ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់) រស់រស់នៅក្នុងភូមិនានា ឃុំឈើតុំ ស្រុកក្រគរ ហើយពួកគាត់បាននាំគ្នាទៅរកដកផ្សិត(ផូងផាង)នៅតាមជើងភ្នំត្រង់ចំណុចស្ទឹងព្រាល លុះនៅពេលត្រឡប់មកវិញ ដល់កន្លែងកើតហេតុក៏ជួបហេតុការណ៍ដ៍រន្ធត់បែបនេះតែម្ដង ។
ជនរងគ្រោះមានឈ្មោះ៖
១-សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនឹងកន្លែង)
២-ណុប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតខ្មែរ ត្រូវជាប្រពន្ធ (ស្លាប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៣-ហុីម យៈ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ។
៤-សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល)
៥-ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) ទាំង៣នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ ៕ ប៉ឹម ពិន