ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនមែនជាទីតាំងសម្រាប់ លោកខាងលិច នាំសំរាមមកចោលនោះឡើយ

ចែករំលែក៖

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបញ្ជូនសំរាម រាប់ពាន់តោនមកកាន់តំបន់នេះ ដែលជាសកម្មភាព មិនអាចទទួលយកបានឡើយ ។ បណ្តាប្រទេសលោកខាងលិច កំពុងតែ «ប្រមាថ»ប្រទេសតំបន់អាស៊ាន ដោយចាត់ទុក អាស៊ានជា ទីលានចាក់សំរាមរបស់លោកខាងលិច ។

ថង់​​​ប្លាស្ទិច​របស់ប្រទេសលោកខាងលិច ​បានសម្រុកចូលមកកាន់ប្រទេសតំបន់អាស៊ាន ​ដោយបាននាំចូលដល់កំពង់ផែប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ។ ជាមួយគ្នានេះ​ កាកសំណល់ គ្រឿងជ័រ ប៉ះពាល់ដល់សុខភាព ពីអឺរ៉ុប​ អាមេរិក ចូលទៅកាន់ ម៉ាឡេស៊ី ។

នៅពេលនេះ បណ្តាប្រទេសនៅក្នុងតំបន់ បានប្តេជ្ញាបញ្ជូន សំរាមទាំងអស់នោះវិលត្រឡប់ទៅកាន់ទីតាំងដើមវិញ​។ កន្លងមកថ្មីៗ ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Rodrigo Duterte ​បានព្រមាន​កាត់ផ្តាច់ទំនាក់ទំនងជាមួយកាណាដា​ប្រសិនបើ ប្រទេសនេះមិនព្រមទទួលត្រឡប់ទៅវិញ សំរាម​៦៩ កុងតឺន័រ​ ផ្ទុក១៥០០តោនសំរាម នាំចូលមកកាន់ហ្វីលីពីន ក្នុងឆ្នាំ​២០១៣ និង​២០១៤ ។

នៅពេលនេះ ក្រៅពីហ្វីលីពីន​ នៅមានថៃ វៀតណាម ម៉ាឡេស៊ី​​ ក៏បាន ចាត់វិធានការចាំបាច់រារាំង ការនាំសំរាម ចូលមកកាន់តំបន់អាស៊ាន ។ កន្លងមកថ្មី ម៉ាឡេស៊ីនឹងបញ្ជូនសំរាមប្លាស្ទិចប្រមាណ៣,០០០តោន ត្រឡប់ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់សំរាមទាំង​នេះវិញ ។

អ្នកនាង Yeo Bee Yin រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ី បាននិយាយថា សំរាមសរុបចំនួន៦០កុងតឺណឺ ឬស្មើនឹង៣,០០០តោន ដែលបាន​ដឹកមកប្លុងចោលដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ហើយអ្នកនាង ក៏បានបន្ថែម​ថា អ្នកដែលទទួលយកសំរាមទាំងនេះចូលមក ក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិយ៉ាងដូច្នោះ ដោយសុខចិត្ត​ទទួលយកសំរាមពីបរទេស មកចោលនៅក្នុងប្រទេសរបស់ខ្លួន ។

យ៉ាងណាមិញ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហា​នាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត កំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បាន​បញ្ជាក់ថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់។

គួរជម្រាបថា បញ្ហាសំរាមក៏កំពុងកើតមានរវាងហ្វីលីពីន និងកាណាដាផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យរដ្ឋាភិបាលរបស់លោក ជួលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកសំរាម៦៩កុងតឺណឺ ត្រឡប់ទៅកាន់​កាណាដាវិញ ហើយទុកចោលនៅក្នុងដែនទឹករបស់កាណាដាតែម្តង ប្រសិនបើពួកគេមិនព្រមទទួលយក៕


ចែករំលែក៖