ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបញ្ជូនសំរាម រាប់ពាន់តោនមកកាន់តំបន់នេះ ដែលជាសកម្មភាព មិនអាចទទួលយកបានឡើយ ។ បណ្តាប្រទេសលោកខាងលិច កំពុងតែ «ប្រមាថ»ប្រទេសតំបន់អាស៊ាន ដោយចាត់ទុក អាស៊ានជា ទីលានចាក់សំរាមរបស់លោកខាងលិច ។
ថង់ប្លាស្ទិចរបស់ប្រទេសលោកខាងលិច បានសម្រុកចូលមកកាន់ប្រទេសតំបន់អាស៊ាន ដោយបាននាំចូលដល់កំពង់ផែប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ។ ជាមួយគ្នានេះ កាកសំណល់ គ្រឿងជ័រ ប៉ះពាល់ដល់សុខភាព ពីអឺរ៉ុប អាមេរិក ចូលទៅកាន់ ម៉ាឡេស៊ី ។
នៅពេលនេះ បណ្តាប្រទេសនៅក្នុងតំបន់ បានប្តេជ្ញាបញ្ជូន សំរាមទាំងអស់នោះវិលត្រឡប់ទៅកាន់ទីតាំងដើមវិញ។ កន្លងមកថ្មីៗ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាណាដាប្រសិនបើ ប្រទេសនេះមិនព្រមទទួលត្រឡប់ទៅវិញ សំរាម៦៩ កុងតឺន័រ ផ្ទុក១៥០០តោនសំរាម នាំចូលមកកាន់ហ្វីលីពីន ក្នុងឆ្នាំ២០១៣ និង២០១៤ ។
នៅពេលនេះ ក្រៅពីហ្វីលីពីន នៅមានថៃ វៀតណាម ម៉ាឡេស៊ី ក៏បាន ចាត់វិធានការចាំបាច់រារាំង ការនាំសំរាម ចូលមកកាន់តំបន់អាស៊ាន ។ កន្លងមកថ្មី ម៉ាឡេស៊ីនឹងបញ្ជូនសំរាមប្លាស្ទិចប្រមាណ៣,០០០តោន ត្រឡប់ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់សំរាមទាំងនេះវិញ ។
អ្នកនាង Yeo Bee Yin រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ី បាននិយាយថា សំរាមសរុបចំនួន៦០កុងតឺណឺ ឬស្មើនឹង៣,០០០តោន ដែលបានដឹកមកប្លុងចោលដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពដើមវិញ ហើយអ្នកនាង ក៏បានបន្ថែមថា អ្នកដែលទទួលយកសំរាមទាំងនេះចូលមក ក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិយ៉ាងដូច្នោះ ដោយសុខចិត្តទទួលយកសំរាមពីបរទេស មកចោលនៅក្នុងប្រទេសរបស់ខ្លួន ។
យ៉ាងណាមិញ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហានាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត កំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បានបញ្ជាក់ថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់។
គួរជម្រាបថា បញ្ហាសំរាមក៏កំពុងកើតមានរវាងហ្វីលីពីន និងកាណាដាផងដែរ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យរដ្ឋាភិបាលរបស់លោក ជួលក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយ ដើម្បីដឹកសំរាម៦៩កុងតឺណឺ ត្រឡប់ទៅកាន់កាណាដាវិញ ហើយទុកចោលនៅក្នុងដែនទឹករបស់កាណាដាតែម្តង ប្រសិនបើពួកគេមិនព្រមទទួលយក៕