ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងត្យូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនូបនេះលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាផ្តល់ការអនុញ្ញាអោយរូបលោកគណៈប្រតិភូចូលជួបសំដែងការគួរសម។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ បានគោរពរាយការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនមីណេបៀបាន និងកំពុងវិនិយោគក្នុងប្រទេសកម្ពុជារួចហើយ ប៉ុន្តែក្រុមហ៊ុននេះនៅតែពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀបានជំរាបសម្តេចតេជោបន្តថា ដោយសារតែរាជរដ្ឋាភិបាលបានផ្តល់ឱកាសអោយក្រុមហ៊ុនរបស់លោកវិនិយោគនៅក្នងប្រទេសកម្ពុជាទទួលបានជោគជ័យ ដូច្នេះក្រុមហ៊ុនមីណេបៀនឹងជួយរៀបចំបំពាក់អំពូលភ្លើងនៅតាមដងផ្លូវ នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់គោម និង ខេត្តសៀមរាប២ពាន់គោម ដោយបច្ចេកទេសទំនើបអូតូម៉ាទិច មិនតខ្សែអគ្គិសនី។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុន មីណេបៀដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំអោយខាងក្រុមហ៊ុនបន្តធ្វើការងារនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជា។ ជាមួយគ្នាលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរអំពីវិភាគទានរបស់ក្រុមហ៊ុនជួយដល់កីឡាបាល់ទាត់ថ្នាក់ជាតិរបស់កម្ពុជារយៈពេល២ឆ្នាំ ។

ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួមចំណែកបណ្តុះបណ្តាលធបធានមនុស្សនៅកម្ពុជា សម្តេចក៏បានណែនាំអោយក្រុមហ៊ុននេះបន្តជួយអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា៕


ចែករំលែក៖