ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ទៀតហើយ នៅអាមេរិក ស្លាប់និងរបួសជិត១០នាក់

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេរិកតែងតែកើតឡើងជាបន្តបន្ទាប់ ដោយខ្មាន់កាំភ្លើងជាជនជាតិអាមេរិកផ្ទាល់ ។ ការប្រើប្រាស់កាំភ្លើងពាស់វាលពាស់កាល ធ្វើឲ្យកម្លាំងសន្តិសុខពិបាកនៅក្នុងការគ្រប់គ្រង ។

អំពើបាញ់ប្រហារមិនទាន់ដឹងពីមូលហេតុពិតប្រាកដមួយ បានកើតឡើងនៅក្នុងទឹកដីអាមេរិកទៀតហើយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង៧នាក់រងរបួស ។ នៅពេលនេះ ប៉ូលិសនៅមិនទាន់មានព័ត៌មានលម្អិត អំពីមូលហេតុនៃការបាញ់ប្រហារ ឬក៏ការចាប់ខ្លួនជនសង្ស័យណាមួយនៅឡើយទេ ។

កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បណ្តាញផ្សព្វផ្សាយព័ត៌មាន KYW-TV បានផ្សាយថា យ៉ាងហោចណាស់ក្មេងជំទង់បួននាក់ និងមនុស្សពេញវ័យបួននាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ អំឡុងពេលពិធីជប់លៀង បញ្ចប់ការសិក្សាមួយ ស្ថិតនៅភាគនិរតី ទីក្រុង Philadelphia សហរដ្ឋអាមេរិក ។ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ បានស្លាប់បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងន់ ។

កន្លងមកថ្មី ក៏មានមនុស្ស៩នាក់ស្លាប់និងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលារៀន ក្នុងទីក្រុង Denver អាមេរិក ។ ការបាញ់ប្រហារខាងលើ បណ្តាលឲ្យសិស្សវ័យ១៨ឆ្នាំម្នាក់ស្លាប់ នៅនឹងកន្លែង ។

ការបាញ់ប្រហារកើតឡើង នៅសាលាមធ្យមសិក្សា Highlands Ranch ដែលជាសាលាឯកជន មានសិស្ស១៨៥០នាក់កំពុងតែសិក្សា ។ នៅក្នុងសាលារៀន មានថ្នាក់ពីមតេយ្យ រហូដល់ដល់ថ្នាក់ទី១២ ។

មន្ត្រីប៉ូលិសការិយាល័យ Douglas County Sheriff បានបញ្ជាក់នៅលើបណ្តាញសង្គមថា មានសិស្សសាលា ៨នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបាញ់ប្រហារទៅលើជនរងគ្រោះគ្រោះ ហើយជនដៃដល់ចំនួន២នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ។ ប៉ុន្តែទោះជាយ៉ាង ប៉ូលិសអាមេរិក នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃការបាញ់ប្រហារនោះនៅឡើយ ។

ប្រភពព័ត៌មានដដែល បានបន្តថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើសាលា STEM School Highlands Ranch ស្ថិតនៅភាគកណ្តាល នៃរដ្ឋកូឡូរ៉ាដូ ដែលមានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីសាលាវិទ្យាល័យកូឡុំប៊ី ដែលធ្លាប់រងនូវការបាញ់សម្លាប់សិស្សយ៉ាងរង្គាល ។ សាលានេះបង្រៀនសិស្ស ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ ៕


ចែករំលែក៖