ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោ.កម៉ូតូពេលយប់មិនបានសម្រេច ត្រូវពលរដ្ឋចាប់បានម្នាក់ រួចព្រឹកឡើងជាប់ខ្នោះថែម២នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៥នាក់ ត្រូវប្រជាពលរដ្ឋដេញឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ​មិនបានសម្រេច លុះនៅព្រឹកថ្ងៃដដែលកម្លាំងនគរបាលខណ្ឌដង្កោ ក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ខណៈបក្សពួក២នាក់ទៀតកំពុងគេចខ្លួន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៥នាក់បានធ្វើសកម្មភាពលួចកាច់សោករម៉ូតូម៉ាក ធូដេ មួយគ្រឿង គ្មានស្លាកលេខ តែដោយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ ក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៥នាក់ ប្រគល់ឲ្យសមត្ថកិច្ច មានឈ្មោះ វ៉េង មាសសំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ក្រោយពីសមត្ថកិច្ចសួរនាំជនសង្ស័យខាងលើរួចហើយ នៅព្រឹកថ្ងៃដដែលនេះ វេលាម៉ោង៩និង៣០នាទី កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួន​បក្សពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅចំណុចផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងដកហូតម៉ូតូធ្វើសកម្មភាពបានមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CL. 0665 និងវត្ថុតាងមួយចំនួនទៀត ដោយជនសង្ស័យទាំង២នាក់នេះមានឈ្មោះ​ ចិត្តដាលី​អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ​ ទី២ឈ្មោះ ដួង​ ​ដុល្លា អាយុ២២ឆ្នាំរបរមិនពិតប្រាកដ​ អ្នកទាំង២ស្នាក់នៅសង្កាត់ទ​កថ្លា​ ខណ្ឌសែនសុខ​ ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖