ព័ត៌មានទាន់ហេតុការណ៍៖

ទូកទេសចរណ៍មួយគ្រឿង របស់ក្រុមហ៊ុន ដាលីធួ បានលិចនៅសមុទ្រខាងមុខ ឆ្នេរម្លប់ជ្រៃ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ទូកទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុន ដាលីធួ បានលិចនៅសមុទ្រខាងមុខឆ្នេរម្លប់ជ្រៃក្រុងព្រះសីហនុ កាលពីម៉ោង៩យប់ ថ្ងៃ១៦ មិថុនា ២០១៩ ។

លោកឧត្តមសេនីយ៍ត្រីណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ទូកទេសចរណ៍ មួយគ្រឿងដែលលិចនេះ កើតឡើង ក្រោយពីទូកនេះ ដាក់ភ្ញៀវទេសចរណ៍នៅផែ កាំសាបអស់ហើយ ទូកនេះក៏បានចូលទៅចតនៅផែទំនប់រលកវិញ ហើយពេលកំពុងតែធ្វើដំណើរទៅចតនោះ ដោយសារតែខុសលក្ខណបច្ចេកទេស របូតឆ្នុកបិទទឹក ធ្វើឲ្យទឹកហូរចូលឃ្លប់ម្ខាងនៃទូកនេះ ភ្លាមៗនោះ កាពីទែន និងបុគ្គលិកលើទូក ក៏បានដឹងហេតុការណ៍នោះ តែដោយសារមិនអាចស្តារទឹកចេញពីទូកនោះទាន់ពេល អ្នកបើកបរក៏សម្រេចចិត្តអែបទូកមកខាងឆ្នេរក្បែរច្រាំង ។

លោកបន្ថថា ករណីនេះ ក្រៅពីខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួច មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

ទោះជាយ៉ាងនេះក្តី ដោយសារតែរដូវនេះ ជារដូវវស្សាសំបូរ ភ្លៀង ខ្យល់ និងរលកខ្លាំង អជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវឲ្យអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ពិសេសទូកទេសចរណ៍ និងទូកនេសាទបង្កើនការប្រុងប្រយត្ន័ ក្នុងករណីធាតុអាកាសមិនល្អ សូមកុំចេញដំណើរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖