ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ដែលដេញវាយ និងគប់អ្នកកាសែត ផ្អើលពេញផ្លូវច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ, ក្រោយឃាត់ខ្លួន និងរកឃើញមានផ្ទុកសារធាតុញៀន និងជាតិស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនបុរសម្នាក់ឈ្មោះ ចាន់ ដារី ដែលបានដេញវាយ គប់ដុំថ្ម និងស្បែកជើងលើអ្នកកាសែត កំពុងចុះយកព័ត៌មានបណ្ដាលឲ្យផ្អើលពេញផ្លូវ ច្រមុះជ្រូកក្បាលថ្នល់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់ ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យខាងលើ មានផ្ទុកសារធាតុញៀន និងជាតិស្រវឹងក្នុងខ្លួន ក្រោយពេលដែលត្រូវ កម្លាំងនគរបាលឃាត់ខ្លួនបាន កាលពី២៣ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ចាន់ ដារី បានបើកឡានបញ្ច្រាសទិសនៅចំណុចក្បាលថ្នល់ ពេលនោះនគរបាលចរាចរចាប់ផាក ។ ក្រោយចាប់ផាក ជននេះបានឈ្លោះ និងប្រើកាយវិការ មិនសមរម្យដាក់សមត្ថកិច្ច គាប់ជួនមានអ្នកកាសែតនៅទីនោះក៏បានឡាយ ស្រាប់តែរូបគេទាញដុំថ្ម និងស្បែកជើងគប់ ។

ក្រោយបង្កហិង្សាយ៉ាងខ្លាំងបែបនេះ ក៏ត្រូវបាននគរបាលខណ្ឌមានជ័យ ចាប់វាយខ្នោះទៅក្រោយតែម្តង ។ ក្រោយការពិនិត្យ ឈ្មោះ ចាន់ ដារី មានជាតិអាល់កុលរហូតដល់០,៩១ មីល្លីក្រាម ក្នុងមួយលីត្រខ្យល់ និងប្រើថ្នាំញៀនទៀតផង ។ ប៉ុន្ដែបើតាមម្តាយដែលសមត្ថកិច្ចលួចបង្ហើបប្រាប់ថាជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងប្រពន្ធវិញ បាននិយាយថា ជននេះមានសតិមិនសូវគ្រប់ ហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៦ដងមកហើយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖