ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបញ្ជូនទាហានជាច្រើនទៅទប់ស្កាត់ជនភៀសខ្លួន ម៉ិចស៊ិកបាន បង្កើតការងារសម្រាប់ជនភៀសខ្លួន​៤ម៉ឺននាក់

ចែករំលែក៖

ម៉ិចស៊ីកូ បានអនុវត្តគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន ចូលមកកាន់ប្រទេសរបស់ខ្លួន ដើម្បីបន្តទៅអាមេរិក ។ កន្លងមក រដ្ឋាភិបាលបានសម្រេចបញ្ជូនទាហានជាង ១ម៉ឺននាក់ទៅទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលអាមេរិក ខុសច្បាប់ តាមកិច្ចព្រមព្រៀង រវាង​ម៉ិចស៊ីកូ នឹងអាមេរិក​ ។

នៅពេលនេះដែរ ដើម្បីកុំឲ្យជនភៀសខ្លួនដែលរង់ចាំចូលទៅអាមេរិក ធ្លាក់នៅក្នុងភាពចលាចល ​​រដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេច បង្កើតការងារធ្វើសម្រាប់ជនភៀសខ្លួនពេលរង់ចាំ​ ។ នេះជាសកម្មភាពដ៏ល្អបំផុត ដើម្បីបញ្ជៀសភាពចាលចលនៅក្នុងប្រទេសម៉ិចស៊ីកូ​ ។

កាលពីថ្ងៃទី​២៨ ខែមិថុនា ប្រធានាធិបតីម៉ិចស៊ិក លោក​ Andres Manuel Lopez Obrador បានប្រកាសថា​នឹងផ្តល់ការងារដល់ជនភៀសខ្លួនចំនួន​៤ម៉ឺននាក់នៅព្រំដែន​ភាគខាងជើង ក្នុងពេលដែលកំពុងរង់ចាំសុំទិដ្ឋាការចូលទៅកាន់អាមេរិក ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីម៉ិចស៊ិក បានបញ្ជាក់ថា ច្បាប់ផ្តល់ការងារធ្វើបណ្តោះអាសន្នដល់ជនភៀសខ្លួន ក្នុងពេលរង់ចាំ​ចូលទៅកាន់ទឹកដីអាមេរិក​ ។

សកម្មភាពខាងលើរបស់រដ្ឋាភិបាលម៉ិចស៊ិក នឹងជួយដល់ជនភៀសខ្លួន អាចរកបានប្រាក់ចំណូលដើម្បីចិញ្ជឹមជីវិតបណ្តោះអាសន្ន ។ ម៉ិចស៊ិកមានព្រំដែនជាប់អាមេរិក​ដល់ទៅ​៣១៦៩ គីឡូម៉ែត្រ ។ កន្លងមករដ្ឋាភិបាលម៉ិចស៊ិកបាន​បញ្ជូនទាហានរាប់ពាន់នាក់ ទៅកាន់ព្រំដែនការពារពលរដ្ឋឆ្លងដែនខុសច្បាប់ ទៅកាន់អាមេរិក តាមការព្រមព្រៀងដើម្បីបញ្ចៀសការដំឡើងពន្ធពីអាមេរិក ។

ក្រៅពីផ្តល់ការធ្វើ ប្រធានាធិបតីម៉ិចស៊ីកបាន សាងសង់មជ្ឈមណ្ឌល​ ស្នាក់នៅបណ្តោះអាសន្ន​ និងផ្តល់សេវាកម្ម សុខាភិបាល ថ្នាំសង្កូវ ជួយដល់ជនភៀសខ្លួនទាំងនោះ​ ។

នៅក្នុងកិច្ចព្រមព្រៀង​ រដ្ឋាភិបាលម៉ិចស៊ីកូ​ បានសន្យាថា ការពារព្រំដែនជាប់​ Guatemala ​ដើម្បីរារាំងជនភៀសខ្លួនចូលទៅកាន់​ ម៉ិចស៊ិច ដើម្បីបន្តទៅកាន់អាមេរិក ៕


ចែករំលែក៖