ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វមាន់វៀតណាម ចំនួន ៣,០០០ក្បាល ឆ្លងដែនតាមច្រករបៀងមនោរម្យ ត្រូវសមត្ថកិច្ចការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចាប់ឃាត់ តែមិនបានប៉ុន្មានម៉ោងក៏លែងឲ្យទៅវិញ ។
ករណីនេះ កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ មិថុនា ២០១៩ នៅចំណុចភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ មិថុនា មន្ត្រីពេទ្យសត្វបានចុះទៅតាមមូលដ្ឋានជាប់ព្រំដែនវៀតណាម ដើម្បីបាញ់ថ្នាំសុវត្ថិភាពជម្ងឺប៉េស្តជ្រូកអាហ្វ្រិក តាមផ្ទះរបស់ប្រជាពលរដ្ឋ ចៃដន្យឃើញរថយន្តដឹកសត្វមានរស់ក៏ឃាត់ដើម្បីសាកសួររកច្បាប់ទម្លាប់ តែអ្នកបើកបរប្រាប់ថា ច្បាប់នៅឯថៅកែ កាន់ ពួកគេគ្រាន់តែអ្នកស៊ីឈ្នួលទេ ។ ភ្លាមនោះ សមត្ថកិច្ចក៏ឃាត់រថយន្តខាងលើ បញ្ជូនមកមន្ទីរកសិកម្មខេត្ត តែពេលបញ្ជូនមកដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ក៏ខូចរថយន្តទៅមុខលែងរួច ។ រហូតដល់ម៉ោង ១ និង៣០នាទីរសៀល ទើបប្រធានក្រុមហ៊ុន ប៊ី អឹម ហ្វិដ ខេមបូឌា ឯ.ក ផ្ញើរច្បាប់តាមតេឡេក្រាមមកឲ្យ សមត្ថកិច្ចក៏សម្រួលឲ្យក្រុមហ៊ុនយកមាន់ចរាចរណ៍តាមច្បាប់អនុញ្ញាតិ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
សូមបញ្ជាក់ថារថយន្តដែលសមត្ថកិច្ចឃាត់នោះជាក់ស្តែងរថយន្ត១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3C-0737 ដឹកមាន់រហូត៣,០០០ក្បាល ហើយច្បាប់គឺផុតសុពលភាពផងដែរ ៕ យឹម សុថាន