ព័ត៌មានទាន់ហេតុការណ៍៖

ការរួមគ្នារវាង ប្រទេសមហាអំណាចប​រមាណូ ចិន​ រុស្ស៊ី ឥណ្ឌា បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាមេរិក

ចែករំលែក៖

សកម្មភាពបង្កសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយ គាំពារនិយម ដាក់ទណ្ឌកម្ម ឯកតោភាគីរបស់ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែធ្វើឲ្យប្រទេសមហាអំណាចផ្សេងទៀត រួមកម្លាំងគ្នាប្រឆាំងអាមេរិក ។

ប្រធានាធិបតីចិន​ លោកស៊ី ជីនពីង បានអំពាវនាវដល់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ានត្រា ម៉ូឌី រួមគ្នាទទួលខុសត្រូវ ក្នុងការការពារផលប្រយោជន៍រួម​ របស់ប្រទេសទាំងបី ។ ​ សំណើខាងលើ ធ្វើឡើងនៅក្នុងជំនួបត្រីភាគី​រវាង មេដឹកនាំប្រទេសទាំង​៣ បន្ទាប់ពីកិច្ចប្រជុំ​ G-20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន​ កាលពីថ្ងៃទី​២៨ ខែមិថុនា កន្លងមក​ ។

ប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា « គោលនយោបាយគាំពារនិយម និង ឯកតោភាគីបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពសកលលោក លើការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោក​ទាំមូល​» ។

ប្រធានាធិបតីចិន​ បានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំង មូស្កូ និងញូវដេលី​ ចាំបាច់ត្រូវតែ ធានា ការពារផលប្រយោជន៍ជាមូលដ្ឋាន នៅលើពិភពលោក ក៏ដូចជាផលប្រយោជន៍ប្រទេសទាំង​៣ ។ ​ លោក​ស៊ី ជីនពីង បានបន្តទៀតថា «យើងត្រូវលើកកម្ពស់ និងភាវូបនីយកម្ម ធ្វើប្រជាធិបតេយ្យ លើទំនាក់ទំនងអន្តរជាតិ​» ។ ចិនបានប្រឆាំងយ៉ាងដាច់ខាតដល់ការដាក់ទណ្ឌកម្មជាឯកតោភាគី ផ្ទុយ នឹងច្បាប់ អន្តរជាតិ របស់អាមេរិក ។

រយៈពេលកន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានជំរុញ បង្កើនទំនាក់ទំនងត្រីភាគី ជាមួយឥណ្ឌា និងរុស្ស៊ី​ ដើម្បីទប់ទលជាមួយសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ។ ប្រទេសទាំង​៣គឺកំពុងតែមានវិវាទជាមួយអាមេរិក ជុំវិញ វិស័យពាណិជ្ជកម្ម និងទណ្ឌកម្ម​ពីអាមេរិក​ ។

ឥណ្ឌាជាប្រទេសថ្មីមួយទៀតនៅក្នុងការវាយប្រហារ របស់រដ្ឋាភិបាលដូណាល់ ត្រាំ ​ លើវិស័យពាណិជ្ជកម្ម ដោយអាមេរិក ក៏បានដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាផងដែរ ។ ​ ជាមួយគ្នានោះឥណ្ឌាក៏បាន​សម្រេច ដំឡើងពន្ធលើទំនិញ២៥មុខនាំចូលពីអាមេរិក​ ។

ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងសម្ព័ន្ធមិត្តរបស់អាមេរិក មិនពេញចិត្តទៅនឹងសកម្មភាពដឹកនាំរបស់លោក ត្រាំ ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង​ ។ ​ ប៉ុន្តែប្រទេសទាំងនោះមិនហ៊ានប្រឆាំងជាមួយអាមេរិក​ នោះឡើយ​ពិសេសគឺប្រទេសតំបន់អឺរ៉ុប ។

ប៉ុន្តែសម្រាប់ប្រទេសមហាអំណាចអាស៊ី និងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក មិនបន្ធូបន្ថយចំពោះការដាក់គំនាបនោះឡើយ ។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគម្រោងរៀបចំជំនួបជាមួយប្រធានាធិបតីដូណាល់ ត្រាំ ទៀតឡើយ បើលោកមិនផ្លាស់ប្តូគោលនយោបាយ អាត្មានិយមទេនោះ ។

កត្តាដែលចិន បានខ្វល់ពីការដាក់ទណ្ឌកម្ម របស់អាមេរិក ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដោយចិនបានខិតខំបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង​ក្នុង​នោះមានរុស្ស៊ី ឥណ្ឌា ជាដើម ។ ការចាប់ដៃជាមួយឥណ្ឌា គឺអាចទប់ទល់ជាមួយអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វែងរកសម្ពន្ធមិត្ត ពាណិជ្ជកម្មថ្មី​ ដើម្បីទប់ទល់ជាមួយ អាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម ។

ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក តម្រូវការប្រើប្រាស់នៅក្នុងស្រុក ក៏ច្រើនផងដែរ ។ ​ទាំងនោះគឺជាឱកាសដើម្បីចិន និងឥណ្ឌាសហប្រតិបត្តិការសេដ្ឋកិច្ច នឹងធ្វើឲ្យអាមេរិក ត្រូវប្រឈមនឹងបញ្ហាវិញជាមិនខានឡើយ​ ។

អាមេរិក​ក៏បានដំឡើងពន្ធ​២៥ភាគរយ ដល់ដែកថែប និង ១០ភាគរយ​ដល់ អាលុយមីញ៉ូមនាំចូលពីឥណ្ឌា ។ កាលពីដើមខែកន្លងមក អាមេរិកបានបញ្ចប់ ការផ្តល់អាទិភាព​ក្នុងវិស័យពាណិជ្ជកម្ម​ដល់ឥណ្ឌា ។ កន្លងមក អាមេរិកបានលើកលែង ពន្ធនាំចូលទំនិញពីឥណ្ឌាមានតម្លៃ​៥ពាន់លានដុល្លារ ។ សកម្មភាពខាងលើ​ធ្វើឲ្យ​អាមេរិក និងឥណ្ឌាប្រឈម​ មុខតានតឹងដាក់គ្នាជានិច្ច ។

នៅពេលនេះដែរឥណ្ឌាបានប្តេជ្ញា ទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារ ទោះបីអាមេរិកព្រមានដាក់ទណ្ឌកម្ម​ក្តី ។

រដ្ឋលេខាធិការក្រសួងការបរទេសចិន​លោក​ Zhang Hanhui ​បានបញ្ជាក់ថា វិវាទពាណិជ្ជកម្ម រវាង ចិន និងអាមេរិក​​ បានគ្រប់ដណ្តបដល់ប្រទេសជិតខាង ។ នៅពេលនេះឥណ្ឌាក៏កំពុងប្រឈមបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកផងដែរ​ ។ ​ ចំណុចទាំងនោះហើយគឺជាឱកាសដល់ សម្រាប់ឥណ្ឌា និងចិន​កាន់តែជិតស្និទ្ធ​ រួមកម្លាំងគ្នាប្រឆាំង អាមេរិក​ ។

លោក​ Zhang Hanhui បានបន្តទៀតថា​ ចិន និងឥណ្ឌា ចាំបាច់ត្រូវតែរក្សាគោលជហរ និងប្រឆាំ​គោលនយោបាយគាំពាពាណិជ្ជកម្ម របស់លោក ត្រាំ ។ នៅពេលនេះឥណ្ឌា និងចិន ចាំបាច់ត្រូវតែ រក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធ និងគ្នា ។

តាមគម្រោង ប្រធានាធិបតីចិន ស៊ីជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី និងជួបពិភាក្សាគ្នា នៅក្នុងសប្តាហ៍​​បន្ទាប់ពីកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការណ៍​​ទីក្រុងសៀងហៃ​ SCO ​ធ្វើឡើងនៅទីក្រុង​ Bishkek ​ប្រទេស​ Kyrgyzstan ។

ចំណែកទំនាក់ទំនងរវាងរុស្ស៊ី-ចិន វិញល្អប្រសើរ និងគ្នាតាំងពីដើមមក ដោយប្រទេសទាំងពីរ តែងតែប្រឆាំង គោលនយោបាយឈ្លានពានរបស់អាមេរិក ។ នៅពេលនេះទំនាក់ទំនង រុស្ស៊ី-អាមេរិក កាន់តែអាក្រក់ខ្លាំងឡើងៗ ។

លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Mir TV ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «ទំនាក់ទំនងរបស់យើងកំពុងតែដាំក្បាលចុះ ទំនាក់ទំនងដែលកំពុងតែអាក្រក់ និងកាន់តែអាក្រក់ខ្លាំងឡើយ ។ រដ្ឋបាលបច្ចុប្បន្ននេះ បានយល់ព្រម និងសម្រេចយល់ព្រម រាប់សិបលើក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី អំឡុងឆ្នាំចុងក្រោយថ្មីៗនេះ» ។

សូមបញ្ជាក់ថា ការថ្លែងរបស់មេដឹកនាំរុស្ស៊ីពេលនេះកើតឡើង មុនពេលដែលជំនួប G20 ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន ចុងខែមិថុនា ឆ្នាំ២០១៩នេះ ។ នៅទីនោះ លោកពូទីន អាចនឹងជួបជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់់ ត្រាំ ។

គួរបញ្ជាក់ថា អាមេរិក និងរុស្ស៊ី មានការប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងអំពីបញ្ហានៅស៊ីរី រហូតដល់អ៊ុយក្រែន និងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកកិច្ចការនយោបាយនៅអាមេរិកជាដើម ដែលជាការចោទប្រកាន់មួយ ត្រូវទីក្រុងមូស្គូច្រានចោលនោះ ៕


ចែករំលែក៖