លោក ត្រាំ នឹងទៅកាន់ព្រំដែនគ្មានយោធារបស់ប្រទេសកូរ៉េទាំងពីរ ហើយនៅទីនោះលោក ត្រាំ សង្ឃឹមថានឹងបានជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន គ្រាន់តែចាប់ដៃនឹង សួរសុខទុក្ខគ្នា តែពីរនាទីក៏បាន ។
ការលើកឡើងបែបនេះ របស់លោក ដូណាល់់ ត្រាំ កើតមានឡើងនៅចំពេលមានការសន្និដ្ឋាន ជាបន្តបន្ទាប់ថា កាលបរិចេ្ឆទនៃជំនួបលើកទី៣ រវាងលោក និងលោក គីម ជុងអ៊ុន អាចនឹងត្រូវប្រកាស ឲ្យដឹងក្រោយប្រធានាធិបតីអាមេរិក រូបនេះ បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ជួបលោកប្រធានគីម នៅឯតំបន់ ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!…ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។
ដូចអ្វីដែលបានផ្សាយនាពេលកន្លងមក គម្រោងទស្សនកិច្ចទៅកានព្រំដែនកូរ៉េទាំងពីររបស់ប្រធានាធិបតីដូណាល់់ ត្រាំ គឺមានមូលហេតុ ហើយមូលហេតុនោះ ពេលនេះបានបង្ហាញជាសាធារណៈ ក្រោយប្រធានាធិបតីដូណាល់់ ត្រាំ អញ្ជើញ មេដឹកនាំគីម ជុងអ៊ុន ទៅជួបពិភាក្សាគ្នានៅទីនោះ។
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ប្រធានាធិបតីដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោក ពីគោលបំណងជួបពិភាក្សាគ្នាជាមួយគីម ជុងអ៊ុន ក្នុងតំបន់ព្រំដែនគ្មានយោធា DMZ ដើម្បី«ចាប់ដៃគ្នា សួស្តីគ្នា»។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitterថា «ក្រោយជំនួបសំខាន់ៗនាពេលកន្លងមក ក្នុងនោះមានជំនួបជាមួយប្រធានាធិបតី ចិន ស៊ី ជីនពីន ខ្ញុំនិងចាកចេញពីជប៉ុន ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ជាមួយប្រធានាធិបតី ម៉ូន ជេអ៊ីន ។ ពេលនៅកូរ៉េខាងត្បូង ប្រសិនបើមេដឹកនាំ គីម ជុងអ៊ុន បានអាននៅសារនេះខ្ញុំចង់ជួបគត់នៅតំបន់ DMZ ដើម្បីចាប់ដៃ និងសួសុខទុក្ខគ្នា »។
សារព័ត៌មានរ៉យទ័របានផ្សាយថា បច្ចុប្បន្នប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំ G-20 ហើយលោកនឹងទៅកាន់កូរ៉េខាងត្បូង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ក្រោយកិច្ចប្រជុំបញ្ចប់ ។ លោក ត្រាំ នឹងវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញនៅ ល្ងាចថ្ងៃទី៣០ ខែមិថុនា ។
ពាក់ព័ន្ធនឹងគម្រោងជំនួបនៅតំបន់ព្រំដែន សេតវិមានអាមេរិកបានបដិសេធឆ្លើយបំភ្លឺពីបញ្ហាខាងលើ។ ប៉ុន្តែកន្លងមកថ្មីៗ ឧបការីទទួលបន្ទុកកូរ៉េខាងជើង របស់រដ្ឋាភិបាលអាមេរិក លោក Stephen Biegun បានបញ្ជាក់ថា អាមេរិកនឹងជួបពិភាក្សាជាមួយកូរ៉េខាងជើង មានលក្ខណៈស្ថាបនា ក្រោយពេលកូរ៉េខាងជើងមានសុឆន្ទៈនៅក្នុងការរំសាយអាវុធបរមាណូ ៕