ការប្រឈមមុខតានតឹងដាក់គ្នាក្នុងវិស័យពាណិជ្ជកម្ម ធ្វើឲ្យប្រទសដែលមានសេដ្ឋកិច្ចលំដាប់ពិភពលោកទាំងពីរ គឺកូរ៉េខាងត្បូង និងជប៉ុន ធ្លាក់ក្នុងវិបត្តិ ជាទ្រង់ទ្រាយធំ ។ នៅពេលនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង បានអំពាវនាវឲ្យជប៉ុនលុបចោលការរឹតត្បិតពាណិជ្ជកម្ម ។
ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae in កាលពីថ្ងៃទី៨ ខែកក្កដា បានអំពាវនាវដល់ជប៉ុនលុបចោលការរឹតត្បិតពាណិជ្ជកម្ម នាពេលកន្លងមក សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង ។
លោក Moon Jae in បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅវិមានប្រធានាធិបតីថា «ខ្ញុំសូមអំពាវនាវដល់ភាគីជប៉ុន ដកការរឹតត្បិត ពាណិជ្ជកម្ម ហើយចាប់ផ្តើមពិភាក្សាដោយត្រង់ទៅ ត្រង់មក ក្នុងវិស័យពាណិជ្ជកម្ម បញ្ចប់វិបត្តិ» ។
សារព័ត៌មានជប៉ុន Yomiuri នៅថ្ងៃទី៩ ខែកក្កដា បានផ្សាយថា ក្រុមមន្ត្រីជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងជួបគ្នានៅក្នុងកិច្ចប្រជុំមួយ នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីជម្លោះពាណិជ្ជកម្មដែលកំពុងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសល្អក់កករនឹងគ្នា ។
ជប៉ុន កាលពីសប្ដាហ៍មុន បានដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ព្រមទាំងផលិតផលអេឡិចត្រូនិកជាច្រើនទៀតដល់កូរ៉េខាងត្បូង។ ការសម្រេចចិត្តនេះ ត្រូវបានទីក្រុងសេអ៊ូលចោទថា ជាការសងសឹករបស់ជប៉ុន ទៅនឹងតុលាការ កូរ៉េខាងត្បូង ដែលបង្គាប់កាលពីឆ្នាំ២០១៨ ឲ្យក្រុមហ៊ុនជប៉ុនធំៗដូចជា Nippon Steel និង Mitsubishi ផ្ដល់សំណងដល់ ប្រជាជនកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានបង្ខំឲ្យធ្វើការដោយគ្មាន ប្រាក់ខែ នៅក្នុងវិស័យឧស្សាហកម្មជប៉ុនអំឡុងសង្រ្គាមលោកលើកទី២។
កិច្ចប្រជុំខាងលើអាចនឹងធ្វើឡើងនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែខាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ មិនទាន់ប្រតិកម្មឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ៕