ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកធ្វើឲ្យទំនាក់ទំនងជាមួយចិន កាន់តែតានតឹងថែមទៀត ក្រោយសម្រេចលក់អាវុធឲ្យតៃវ៉ាន់

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិក និងចិនតានតឹងនាពេលកន្លងមក ដោយបញ្ហាពាណិជ្ជកម្ម ប៉ុន្តែភាគីទាំងពីរបានយល់ព្រមពិភាក្សាគ្នាឡើងវិញក្រោយជំនួប កាលពីថ្ងៃទី​២៩ ខែមិថុនា នៅប្រទេសជប៉ុន បន្ទាប់ពីកិច្ចប្រជុំ G-20 ។

បញ្ហារសើបបំផុតដែលធ្វើឲ្យទំនាក់ទំនងតានតឹងនោះ គឺកោះតៃវ៉ាន់ ដោយអាមេរិកតែងតែលូកដៃចូលបញ្ហាកោះតៃ វ៉ាន់ បំពានទៅលើច្បាប់ចិនតែមួយ ដែលអាមេរិកបានព្រមព្រៀង ។

នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ បាន អនុម័តលក់ រថក្រោះ Abrams ​និងមីស៊ីល​ Stinger ឲ្យទៅកោះតៃវ៉ាន់ ក្នុងពេលដែលប្រឈមភាពតានតឹងជាមួយ​ចិន ។

សារព័ត៌មាន​ CNNបានផ្សាយថា កាលពីថ្ងៃទី​៨ ខែកក្កដា សភាអាមេរិកទទួលបានព័ត៌មានស្តីពីក្រសួងការបរទេសអាមេរិក យល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងនោះមាន រថក្រោះ​១០៨គ្រឿងប្រភេទ​ Abrams M1A2T និង សម្ភារពាក់ព័ន្ធ​ រួមទាំងមីស៊ីល​២៥០ដើម ប្រភេទ​ Stinger ។

ជាមួយគ្នានេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់ អាវុធជាលក្ខណៈទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ។

កាលពីខែមីនា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអះអាងថា អាវុធដែលទីក្រុងតៃប៉ិ បញ្ជាទិញពីសហរដ្ឋអាមេរិក នឹងជួយដល់ដែនកោះមួយនេះបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។ ប៉ុន្តែ ក្រសួងការពារជាតិចិនធ្លាប់បានព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វះស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕


ចែករំលែក៖